រាជបណ្ឌិត្យសភាកម្ពុជា នឹងអភិរក្ស និងអភិវឌ្ឍប្រែក្លាយឧទ្យាន ឫស្សីត្រឹប ជាឧទ្យានទេសចរណ៍
ភ្នំពេញ ៖ រាជបណ្ឌិត្យសភាកម្ពុជា នឹងអភិរក្ស និងអភិវឌ្ឍប្រែក្លាយឧទ្យាន រាជបណ្ឌិត្យ សភាកម្ពុជា តេជោសែន ឫស្សីត្រឹបជាឧទ្យានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងកន្លែងផលិតផលដ៏ធំមួយ នៅប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
លោក សុខ ទូច លើកឡើងបែបនេះ ក្នុងឱកាសចូលរួមពិធីដាំកូនឈើ នៅក្នុងឧទ្យាន រាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបក្រោមប្រធានបទ «ដាំដើមឈើម្នាក់មួយដើម បន្តដង្ហើមផែនដី» នាពេលថ្មីៗនេះ។
លោក សុខ ទូច មានប្រសាសន៍ថា «រាជបណ្ឌិត្យសភាកម្ពុជា មិនត្រឹមតែជាទីកន្លែង បណ្តុះ បណ្តាលលើទ្រឹស្តីប៉ុណ្ណោះទេ ស្ថាប័ននេះ គឺជាទីកន្លែងសិក្សាស្រាវជ្រាវ និងបង្ហាញ សមិទ្ធ ផលស្នាដៃការងារជាក់ស្តែងដោយចងភ្ជាប់ជាមួយនឹងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។រាជបណ្ឌិត្យសភាកម្ពុជាទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមាន ក្រម សីលធម៌វិជ្ជាជីវៈ»។
លោកបន្ដថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបបាននិងកំពុង អនុវត្តគម្រោងមួយចំនួនក្នុងនោះ រួមមាន ៖ គម្រោងចិញ្ចឹមគោទឹកដោះ, គម្រោងបណ្ដុះ និងដាំកូនឈើក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប, គម្រោងចិញ្ចឹមពពែ និងគម្រោងស្រាវជ្រាវ គាំពារ និងអភិរក្សធនធានធម្មជាតិនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដើម្បីស្តារគម្របព្រៃឈើរួមចំណែក ទប់ស្កាត់បម្រែបម្រួល អាកាសធាតុ។
លោកបន្ថែមថា នៅថ្ងៃអនាគត រាជបណ្ឌិត្យសភាកម្ពុជា នឹងអភិរក្ស និងអភិវឌ្ឍប្រែក្លាយ ឧទ្យាន រាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សី ទៅជាទីកន្លែងចំនួន៤ រួមមាន៖ ១. ជាទីកន្លែងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ២. ជាទីកន្លែងអភិរក្សព្រៃឈើ បរិស្ថានធម្មជាតិ ៣. ជាកន្លែងជំរកសត្វគ្រប់ប្រភេទ ៤. ជាកន្លែងផលិតផលិតផលមួយ នៅកម្ពុជា និង៥. ជាកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈជូនប្រជាជន ពិសេសគឺប្រជាជន ដែលរស់នៅ ក្នុងស្រុកឆែប ខេត្តព្រះវិហារ។
សូមបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីសរុបចំនួន ១១៤.៣៥ គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុង ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។
ឧទ្យាននេះមានតំបន់ជីវចម្រុះ និងមានសក្តានុពលជាច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ(ឡស្លដែកបុរាណ) និងជាតិពិន្ធុ ដែលអាច បម្រើឱ្យមុខងារក្នុងវិស័យបិស្ថាន ព្រៃឈើ វប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍ច្រើនយ៉ាង៕EB