ភ្នំពេញ ៖ លោក អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងថា ចិនក្លាយជាប្រទេសធំជាងគេ ដែលផ្តល់ជំនួយអភិវឌ្ឍ ប្រាក់កម្ចី និងហិរញ្ញប្បទានឥតសំណងជាច្រើន ដល់ប្រទេសកម្ពុជា។

ក្នុងកម្មវិធីសន្ទនាអនឡាញ ស្តីពី ខួប៦៣ឆ្នាំ ទំនាក់ទំនងការទូត កម្ពុជា-ចិន នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ុ សារឹទ្ធ បានឱ្យដឹងថា ចិនតែងចាត់ទុកទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន គឺជាទំនាក់ទំនងដែកថែប ដែលមិនមានអ្នកណា អាចបំបែកបាន។


លោក បន្ដថា កម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយបានគាំទ្រនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយផ្លូវមួយ» «មូលនិធិផ្លូវសូត្រ» និង«ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី» បង្កើតឡើងដោយចិន ដែលជាយុទ្ធសាស្ត្រនយោបាយការទូត និងសេដ្ឋកិច្ច ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍរវាងប្រទេស ក្នុងតំបន់ខែ្ស ក្រវ៉ាត់ និងផ្លូវសូត្រ តាមរយៈការតភ្ជាប់ផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ដើម្បីបង្កើនការវិនិយោគ ការដឹកជញ្ជូន ការផ្លាស់ប្តូរប្រជាជន និងវប្បធម៌ជាដើម ។ លោកថា ការវិនិយោគរបស់ចិនដោយផ្ទាល់នៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។


លោក បញ្ជាក់ថា «សាធារណរដ្ឋប្រជាមានិតចិនបានក្លាយជាប្រទេសធំជាងគេដែលបានផ្តល់់ជំនួយអភិវឌ្ឍ ប្រាក់កម្ចី និងហិរញ្ញប្បទានឥតសំណងជាច្រើនដល់ប្រទេសកម្ពុជា ។ ជំនួយ និងការគាំទ្ររបស់ប្រទេសចិនដល់ប្រទេសកម្ពុជា បានរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការជួយឱ្យកម្ពុជាថែរក្សាបាននូវអធិបតេយ្យភាព សន្តិសុខ និងស្ថិរភាពនយោបាយក្នុងប្រទេស»។


លោក ក៏បានរំលឹកថា ក្នុងកាលៈទេសៈដ៏លំបាក នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសចិនបានបន្តជួយដល់ប្រទេសកម្ពុជាតាមរយៈការផ្តល់ជំនួយជាវ៉ាក់សាំង និងបរិក្ខាពេទ្យជាច្រើនជាបន្តបន្ទាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ