សម្ដេច ក្រឡាហោម ស ខេង លេីកទឹកចិត្តពលរដ្ឋផ្ដល់មិតតាមហ្វេសប៊ុក សម្ដេច ដេីម្បីដោះស្រាយដោយពុំមានការរើសអើង
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋផ្ដល់ជាមតិយោបល់ ឬសំណូមពរនានាមកកាន់ សម្ដេច តាមរយៈទំព័រហ្វេសប៊ុក ដើម្បីពិនិត្យ និងដោះស្រាយដោយពុំមានការរើសអើងឡើយ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២១ សម្ដេច ស ខេង បានឲ្យដឹងថា លទ្ធផលប្រចាំឆមាសទី១ ឆ្នាំ២០២១ អំពីការទទួលយក និងការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់សម្ដេច ដែលបានចាត់ចែងបញ្ជាទៅបណ្តា អគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធនានាធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងនគរបាលជាតិក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ។
សម្ដេច បន្ដថា សរុបមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋទូទៅមាន ចំនួន៦៦៥គណនី នៅក្នុងនោះគឺបានទទួលយកពិនិត្យដោះស្រាយមានចំនួន៤២៤គណនី និងបានដោះស្រាយរួចរាល់ជូនប្រជាពលរដ្ឋមានចំនួន២៥៩គណនី។
សម្ដេច បញ្ជាក់ថា វឌ្ឍនភាពការងារដូចបានជម្រាបខាងលើនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពចំណុះក្រសួងមហាផ្ទៃ អង្គភាពពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទោះជាក្នុងស្ថានភាពកំពុងប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។
សម្ដេច បានថ្លែងថា «ខ្ញុំក៏សូមថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាតាមរយៈទំព័រហ្វេសប៊ុករបស់ខ្ញុំដើម្បីយើងរួមគ្នាដោះស្រាយនូវបញ្ហានានា និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង»។
សម្ដេច បន្ថែមថា «ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនជនរួមជាតិឲ្យបន្តលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំតាមរយៈទំព័រហ្វេសប៊ុក ហើយខ្ញុំនឹងទទួលយកដើម្បីពិនិត្យ និងធ្វើការដោះស្រាយដោយពុំមានការរើសអើងឡើយ ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ»។
ទន្ទឹមនឹងនេះ សម្ដេច ស ខេង ក៏បានសុំការយល់យោគអធ្យាស្រ័យពីជនរួមជាតិ ចំពោះករណីមួយចំនួនដែលមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕