ក្រុមប្រឹក្សាជាតិគណនេយ្យ ថា ការដាក់ចេញបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល គឺជាឧបករណ៍មួយ ដើម្បីការពារវិស័យឯកជន
ភ្នំពេញ ៖ លោក ប៊ូ ថារិន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ បានថ្លែង ថា ការដាក់ចេញបទប្បញ្ញតិ្តរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងទៅនេះ ដែលតម្រូវឲ្យវិស័យឯក ជនអនុវត្តនោះ គឺជាឧបករណ៍មួយ ដើម្បីជួយការពារវិស័យឯកជនតែប៉ុណ្ណោះ។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «កាតព្វកិច្ចគណនេយ្យ និងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ» នាព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោក ប៊ូ ថារិន បានឲ្យដឹងថា រាជរដ្ឋាភិបាល បានដាក់ចេញយុទ្ធសាស្ដ្រ និងគោលនយោបាយជាច្រើន ក្នុងក្របខណ្ឌកំណែទម្រង់របស់រដ្ឋ ក្នុងនោះ ក្របខណ្ឌកំណែទម្រង់ សេដ្ឋកិច្ចហិរញ្ញវត្ថុ និងកំណែទម្រង់គណនេយ្យ គឺមានភាពចាំបាច់ ក្នុង វិស័យសាធារណៈ និងវិស័យឯកជន។
លោកបញ្ជាក់យ៉ាងដូច្នេះថា «ការដាក់ចេញបទប្បញ្ញតិ្តរបស់រាជរដ្ឋាភិបាល ដែលតម្រូវឲ្យវិស័យឯកជន អនុវត្តមិនមែនជាគម្លាតដែលរដ្ឋធ្វើទៅលើវិស័យឯកជននោះទេ។ប៉ុន្ដែវាជាឧបករណ៍មួយ ដើម្បីជួយ ការពារ និងគាំពារវិស័យឯកជន ទៅវិញទេ»។
ឆ្លៀតឱកាសនោះដែរ ប្រធានសមាគមភស្ដុភារកម្មកម្ពុជា បានលើកឡើងអំពីវិបាកជាច្រើន ពាក់ព័ន្ធនឹង វិស័យពន្ធដារ វិស័យគយ និងវិស័យគណនេយ្យ ជាដើមនោះ លោក ប៊ូ ថារិន មានក្ដីសង្ឃឹមថា ច្បាប់ស្ដីពី កាតព្វកិច្ចគណនេយ្យ និងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងជួយដោះស្រាយភាពស្មុគស្មាញទាំង នោះឲ្យកាត់តែល្អប្រសើរ។ លោកបន្ដថា វិស័យពន្ធដារ គឺជាវិស័យមួយ មិនអាចកាត់ផ្ដាច់ចេញពីវិស័យ គណនេយ្យ។
បន្ថែមពីនេះទៀត ក្រុមប្រឹក្សាជាតិគណនេយ្យ ក៏សង្ឃឹមថា ក្នុងសិក្ខាសាលានាពេលព្រឹកនេះ នឹងផ្ដល់ផលប្រយោជន៍ជាមូលដ្ឋានបឋម ដើម្បីជួយសម្រួលភាពស្មុគស្មាញដែលធ្ងន់ ទៅជាភាពស្មុគស្មាញដែលស្រាល ហើយឈានទៅរកការលុបបំបាត់ភាពស្មុគស្មាញទាំងនោះ ដើម្បីអនុវត្ត បទប្បញ្ញត្តិពាក់ព័ន្ធ ឲ្យបានត្រឹមត្រូវផងដែរ៕EB