ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចជាឯកច្ឆន្ទថា ច្បាប់ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោត ធ្វើឡើងស្របនឹងរដ្ឋធម្មនុញ្ញ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាព ច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត។


ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចជាឯកច្ឆន្ទថា ច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័ត នៅថ្ងៃទី២៣ មិថុនា នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ហើយព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ក្នុងសម័យប្រជុំ លើកទី១០ នៃព្រឹទ្ធសភានីតិកាលទី៤ នាថ្ងៃទី២៩ មិថុនា ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ»។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណងដើម្បីលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជា- ធិបតេយ្យសេរីពហុបក្ស ដូចបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រ-កម្ពុជា ព្រមទាំងដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសដើម្បីឱ្យអនាគតអ្នកដឹកនាំនយោបាយ ដែលមានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត តាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ និងទាំងនៅថ្នាក់ក្រោមជាតិ មានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋល្អចំពោះជាតិ និងប្រជាជន ដោយចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះ-ឆ្នោត ដែលជាករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិនៅក្នុងសង្គមប្រជាធិបតេយ្យ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ