ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ថ្កោលទោសចំពោះហិង្សាយ៉ាងព្រៃផ្សៃបង្កឡើងដោយ មេបញ្ជាការកងរាជអាវុធក្រុងក្រចេះ លើក្មេងស្រី ២រូប
ភ្នំពេញ ៖ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះការប្រព្រឹត្តិអំពើហិង្សាដោយចេតនាយ៉ាងឃោរឃៅ យង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌ ដែលបង្កឡើងដោយ លោក ទេព ហ៊ុយ មេបញ្ជាការកងរាជអាវុធក្រុងក្រចេះ លើក្មេងស្រី២រូប ដែលករណីនេះ សមត្ថកិច្ចទទួលពាក្យបណ្ដឹង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានកោតសរសើរ ព្រមទាំងថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះចំណាត់ការតាមផ្លូវច្បាប់ និងទាន់ពេលវេលាលើករណីនេះ ព្រមទាំង មេធាវីរបស់រាជរដ្ឋាភិបាលដែលបានស្ម័គ្រចិត្តការពារករណីនេះ ក្នុងន័យរកយុត្តិធម៌សម្រាប់សង្គម។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក៏ដូចជាសាធារណជនទូទៅ ពិតជាមានក្តីរន្ធត់តក់ស្លុតឥតឧបមា និងមានការអាណិតអាសូរក្រៃលែងចំពោះកុមារីដ៏កំសត់ទាំង២នាក់នេះ ដែលទទួលរងគ្រោះអំពើហិង្សាយ៉ាងព្រៃផ្សៃ អមនុស្សធម៌ និងយល់ឃើញថា អំពើនេះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិកុមារ ជាពិសេស សិទ្ធិទទួលបាននូវកិច្ចការពារ ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ពាក់ព័ន្ធនឹងអំពើហិង្សា អមនុស្សធម៌នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដែលជាស្ថាប័នសម្របសម្រួលលើការងារសិទ្ធិកុមារ សូមអំពាវនាវ និងទទូចដល់សមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស ស្ថាប័នអយ្យការតុលាការ សូមបន្តបណ្តឹងអាជ្ញាលើករណីហិង្សាស្ថានទម្ងន់នេះ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ដែលមានជាធរមាន និងដាក់ទោសយ៉ាងតឹងរឹងបំផុតចំពោះជនល្មើសនេះ ដើម្បីកុំឲ្យអំពើដ៏អាក្រក់នេះកើតមានក្នុងសង្គមជាតិបន្តទៀត។
សូមរំលឹកថា លោក ទេព ហ៊ុយ មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ខេត្តក្រចេះ ត្រូវបានកម្លាំងអាវុធហត្ថតាមចាប់វាយខ្នោះ បន្ទាប់ពី បានប្រើហិង្សា និងទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើក្មេងស្រីទាំង២នាក់ ដែលជាឈ្នួលបម្រើក្នុងផ្ទះ រហូតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕