ភ្នំពេញ ៖ ពោរពេញដោយក្តីរីករាយឥតឧបមា ក្រុមការងារស្រាវជ្រាវសត្វព្រៃ នៃក្រសួងបរិស្ថាន និងអង្គការWWF បានផ្តល់ដំណឹងនាពេលថ្មីៗថា ពួកគេបានកត់ត្រានូវវត្តមាន នៃសត្វត្មាតត្នោតចំនួនពីរក្បាល និងត្មាតផេះចំនួនមួយក្បាល នៅសំបុកព្រៃធម្មជាតិរបស់ពួកវាក្នុងដែនជម្រកសត្វព្រៃស្រែពក នៃខេត្តមណ្ឌលគិរី។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្រសួងបរិស្ថាន លើកឡើងថា ក្រុមការងារស្រាវជ្រាវ បានបញ្ជាក់ថា លទ្ធផលជាច្រើនដែលគេសម្រេចបានក្នុងរយៈពេលកន្លងមក ដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការវិលត្រលប់មកកាន់ទ្រនំវិញរបស់សត្វស្លាបទាំងពីរប្រភេទនេះ ដែលសុទ្ធសឹងជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុត ក្រោយពីអវត្តមានក្នុងរយៈពេលដ៏យូរ។ 


ក្រសួង បន្ដថា ផ្អែកតាមរបាយការណ៍ស្រាវជ្រាវក្នុងតំបន់នេះ សត្វត្មាតត្នោតធ្លាប់ត្រូវបានគេប៉ាន់ប្រមាណថាមាន ចំនួនបួនក្បាល ហើយឃើញវត្តមានរបស់វាចុងក្រោយបង្អស់នៅចុងឆ្នាំ២០១៥ រីឯសត្វត្មាតផេះវិញ ត្រូវបានគេកត់ត្រាចុងក្រោយបំផុតនៅក្នុងឆ្នាំ២០១៧ រហូតមកទល់ពេលបច្ចុប្បន្ន។

យោងតាមការសន្និដ្ឋានមួយរបស់កញ្ញា Milou Groenenberg ប្រធានក្រុមស្រាវជ្រាវនិងតាមដានជីវៈចម្រុះនៃអង្គការWWF មូលហេតុដែលបណ្តាលឲ្យបាត់វត្តមានរបស់ពួកវាពីក្នុងតំបន់ក្នុងរយៈពេលដ៏យូរនេះគឺភាគច្រើនដោយសារពួកវាបានទទួលរងនូវការពុលដោយប្រយោលនឹងសារធាតុគីមីដែលគេបានប្រើប្រាស់សម្រាប់គោលបំណងផ្សេង។ សូមបញ្ជាក់ដែរថាសត្វត្មាតភ្លើងក៏ជាសត្វស្លាបមួយប្រភេទទៀតដែលកំពុងរស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពកផងដែរ។


ទន្ទឹមនឹងនេះដែរ កំណត់ត្រាថ្មីបំផុតនៃការរាប់ចំនួនសត្វត្មាតទាំងបីប្រភេទដោយក្រុមស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាននិងអង្គការWWF បានបង្ហាញវត្តមានសត្វត្មាតត្នោតចំនួនបួនក្បាល សត្វត្មាតផេះចំនួន១១ក្បាល និងសត្វត្មាតភ្លើងចំនួនប្រាំក្បាល កំពុងរស់នៅក្នុងទ្រនំធម្មជាតិរបស់ពួកវាដែលស្ថិតក្នុងទីតាំងជាប់ដែនជម្រកសត្វព្រៃសំបូរតាមបណ្តោយដងទន្លេមេគង្គនៃខេត្តក្រេចះ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា «ក្នុងនាមក្រសួងបរិស្ថាន សូមកោតសរសើរចំពោះក្រុមការងារស្រាវជ្រាវ នៃក្រសួងបរិស្ថាន និងអង្គការ WWF ក៏ដូចជាមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពកដែលបានខិតខំការពារនិងអភិរក្សតំបន់ព្រៃល្បោះដ៏ធំជាងគេមួយនៅតំបន់អាស៊ីអាគ្នេយ៍ និងបានកំពុងធ្វើឱ្យតំបន់នេះកាន់តែមានសុវត្ថិភាពកាន់តែខ្លាំងថែមទៀតសម្រាប់សត្វព្រៃ ដោយខិតខំប្រឹងប្រែងការពារព្រៃឈើជាទីជម្រក អាហារ និងប្រភពទឹក សម្រាប់ជីវៈចម្រុះគ្រប់ប្រភេទរស់នៅ»។


លោក ស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងការការពារនិងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វ កម្រនេះបន្ថែមនេះដើម្បីផលប្រយោជន៍ជីវៈចម្រុះ និងរក្សាបានកេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ ក្រោយបន្តទៀត។

សូមបញ្ជាក់ផងដែរថាលទ្ធផលនៃការរាប់ចំនួនសត្វត្មាតថ្នាក់ជាតិដោយក្រុមការងារអភិរក្សសត្វត្មាត    កម្ពុជា គិតត្រឹម ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថាមានសត្វត្មាតសរុបទាំងអស់ចំនួន ១២១ក្បាល ក្នុងនោះមានត្មាតភ្លើង២០ក្បាល ត្មាតផេះ៦៦ក្បាល និងត្មាតត្នោត៣៥ក្បាល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ