ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យរៀបចំដាក់អ្នកជំងឺកូវីដ១៩កម្រិតស្រាលព្យាបាលនៅតាមផ្ទះប្រសិនបើការចម្លងក្នុងសហគមន៍មិនទាន់ថមថយ។
ក្នុងសារសំឡេងដែលត្រូវាបានចែកចាយលើបណ្តាញសង្គម នាព្រឹកថ្ងៃទី០៦ ខែមេសា សម្តេចតេជោ បានចាត់ទុកនេះ គឺជាការគិតគូរ និងជាការរៀបចំផែនការទុកជាមុន ក្នុងករណីអ្នកជំងឺកើនឡើង កាន់តែច្រើន ហើយមិនអាចមានទីតាំងសម្រាប់ព្យាបាល។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ដូច្នេះ «ឥឡូវនេះយើងត្រូវព្យាករណ៍សភាពការណ៍ជាមុន អំពីសមត្ថភាពទ្រទ្រង់បាននៃមន្ទីរពេទ្យរបស់យើង។ បើសិនជំងឺមិនថមថយទេនោះ គឺមន្ទីរពេទ្យរបស់យើងនឹងពេញហៀរជោរជន់ទៅដោយអ្នកជំងឺទាំងស្រាល ទាំងធ្ងន់។ ដូច្នេះយើងត្រូវតែមានការរៀបចំមួយដោយ យកវិធីសាស្ត្រតាមបណ្តាប្រទេសដែលមានអ្នកជំងឺច្រើនរាប់ទាំងនៅអាមេរិក នៅបារាំង នៅអឺរ៉ុប និងប្រទេសមួយចំនួនទៀត ដែលមានអ្នកជំងឺលើសពីចំនួនពេទ្យដែលអាចទទួលបាន»។
សម្តេចតេជោបន្តថា «ខ្ញុំស្នើឱ្យក្រុមការងាររបស់យើងរៀបចំនូវក្រមប្រតិបត្តិព្យាបាល នៅតាមផ្ទះឱ្យហើយស្រេច ហើយដល់ពេលណាមួយយើងត្រូវពិនិត្យអំពីលទ្ធភាព ក្នុងការទទួលយកមកព្យាបាលនៅមន្ទីរពេទ្យ និងទុកសម្រាប់ព្យាបាលនៅតាមផ្ទះ។ យើងមិនអាចទទួលអស់ទេ ក្នុងករណីមានការកើនឡើងថែមទៀត អ្នកជាតិច អ្នកចូលច្រើន។ ទោះបីយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀតក៏មិនគ្រប់ដែរ អ៊ីចឹងវិធីដោះស្រាយមានតែទុកអ្នកមានវិជ្ជមានកូវីដ១៩ ប៉ុន្តែស្រាលទុកព្យាបាលនៅតាមផ្ទះទៅវិញ ប៉ុន្តែត្រូវមានការវិនិច្ឆ័យឱ្យបានច្បាស់»។
សម្តេចតេជោ បានគូសបញ្ជាក់ដែរថា សម្រាប់អ្នកព្យាបាលនៅតាមផ្ទះត្រូវតែមានស្ថានភាពជំងឺស្រាល និងមានផ្ទះសមរម្យដែលអាចព្យាបាលបាន។ មួយវិញទៀត បើផ្ទះរបស់អ្នកជំងឺមានទំហំតូច អាចឆ្លងរៀលដាលទៅក្រុមគ្រួសារ ត្រូវយកទៅមន្ទីរពេទ្យ។
សម្តេចតេជោ ហ៊ុន សែន បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់អាចមានអ្នកជំងឺ ៥០ភាគរយ ដែល មានស្ថានភាពស្រាល ហើយចង់ព្យាបាលនៅតាមផ្ទះ។ ទន្ទឹមនឹងការគិតគូរពីលទ្ធភាពឱ្យ អ្នកជំងឺកូវីដ១៩ ព្យាបាលតាមផ្ទះ សម្តេចតេជោ ក៏បានណែនាំឱ្យគិតគូរពីការគ្រប់គ្រងអ្នកជំងឺ ពីការទៅព្យាបាលរបស់គ្រូពេទ្យ ព្រមទាំងការឧបត្ថម្ភជាថវិកា និងចំណីអាហារផ្សេងផងដែរ៕