ភ្នំពេញ៖ កម្ពុជា នឹងទទួលបានមកវិញ នូវសម្បត្តិវប្បធម៌ខ្មែរ រូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក» ពីភាគីសហរដ្ឋអាមេរិក ។ រូបចម្លាក់នេះ ត្រូវបានអាមេរិករឹបអូសបាន ពីពលរដ្ឋខ្លួន នៅសង្កាត់ភាគខាងត្បូង នៃទីក្រុងញូវយ៉ក ។

យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៦ កក្កដានេះ បានឲ្យដឹងថា វត្ថុបុរាណដ៏ពិចិត្រនេះ ត្រូវបានយកចេញពីប្រាសាទក្រចាប់ ដែលជាប្រាសាទមួយ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ អតីតរាជធានី នៃអាណាចក្រខ្មែរ នៅសតវត្សរ៍ទី១០ គ.ស។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា «រូបចម្លាក់ព្រះស្កន្ធគង់លើក្ងោកនេះ» គឺជាគំរូនៃភាពច្នៃប្រឌិតដ៏គួរ ឲ្យស្ញប់ស្ញែងរបស់បុព្វបុរសខ្មែរ។ ព្រះស្កន្ទ ទេពនៃសង្គ្រាមរបស់សាសនាហិណ្ឌូ គឺកម្រមានឃើញនៅក្នុងសិល្បៈខ្មែរ ប៉ុន្តែត្រូវបានបង្ហាញរូបរាង យ៉ាងលេចធ្លោនៅប្រាសាទក្រចាប់។ ការវិលត្រឡប់មកវិញនៃរូបចម្លាក់នេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្វែងរក និងនាំយកមកវិញនូវព្រលឹង របស់បុព្វបុរសយើង ដែលបានចាកចេញពីមាតុភូមិកំណើត អស់រយៈពេលច្រើនឆ្នាំកន្លងមក ក្នុងអំឡុងសម័យសង្គ្រាម។

លោកស្រីបន្តថា «យើងខ្ញុំមានក្តីរំភើបឥតឧបមា នៅពេលដែលយើងអាចទទួលបានមកនូវវិញ សម្បត្តិវប្បធម៌ដ៏មានតម្លៃជាច្រើន ដែលត្រូវបាននាំចេញដោយខុសច្បាប់ពីប្រទេសកម្ពុជា ជាអាទិ៍ រូបចម្លាក់ព្រះឥសូរ និងព្រះស្កន្ទ ដែលនឹងបញ្ជូនត្រឡប់មកកម្ពុជាវិញនាពេលឆាប់ៗខាងមុខនេះ ហើយជឿជាក់ថា បានយកចេញពីកន្លែងតែមួយជាមួយ នឹងរូបចម្លាក់ព្រះស្កន្នគង់លើក្ងោក នៅក្នុងតួប៉មកណ្តាលនៃប្រាសាទក្រចាប់ ។ ការត្រឡប់មកវិញ នៃរូបចម្លាក់ទាំងនេះ និងរបកគំហើញថ្មីៗជាបន្តបន្ទាប់ បានផ្តល់ឲ្យប្រជាជនកម្ពុជា និងពិភពលោក នូវការយល់ដឹងកាន់តែប្រសើរថែមទៀតអំពីវប្បធម៌ និងប្រវត្តិសាស្រ្តខ្មែរបុរាណ» ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ