រាជរដ្ឋាភិបាលកម្ពុជា ណែនាំស្ថាប័នរដ្ឋ និងឯកជន ធ្វើតេស្ដរហ័សជាប្រចាំ យ៉ាងតិច១ដង ក្នុងចន្លោះ ១ទៅ ២សប្ដាហ៍
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំស្ថាប័នរដ្ឋ និងឯកជន ត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ទៅលើមន្រ្តី និងបុគ្គលិករបស់ខ្លួន ជាប្រចាំយ៉ាងតិច ១ដង ក្នុងចន្លោះ ១ទៅ ២សប្ដាហ៍ ដើម្បីចូលរួមចំណែកទប់ស្កាតការរីករាល កូវីដ-១៩ នៅកម្ពុជា។
យោងតាមគោលការណ៍ណែនាំទូទៅ ស្ដីពី ការគ្រប់គ្រង និងប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានពន្យល់ថា ដោយសារការធ្វើតែស្តរហ័សចំណាយរយៈពេលខ្លី និងប្រើប្រាស់ថវិកាតិច ឧបករណ៍តេស្តរហ័សនេះ នឹងចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងសហគមន៍ និងការរុករកករណីលាក់បាំង (ដូចជាករណីដែលមិនមានរោគសញ្ញា) ដើម្បីរក្សានិរន្តរភាពការងារនៅតាមទីតាំងមួយចំនួន។
រាជរដ្ឋាភិបាល បន្ដថា ដូច្នេះការធ្វើតែស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការរុករកវត្តមាននៃអ្នកផ្ទុកមេរោគកូវីដ-១៩ នៅតាមទីតាំងទាំងនោះ ។ ក្នុងន័យនេះ ដើម្បីពង្រឹងយន្តការកាត់បន្ថយហានិភ័យនៃវត្តមានរបស់អ្នកផ្ទុកមេរោគកូវីដ-១៩ នៅតាមទីតាំងខាងលើគោលការណ៍ណែនាំប្រតិបត្តិសម្រាប់ការធ្វើតែស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នៅតាមស្ថាប័នរដ្ឋ ឬឯកជននានា ត្រូវមានការរៀបចំឡើងជាលម្អិត។
រាជរដ្ឋាភិបាល បញ្ជាក់ថា «រៀបចំផែនការធ្វើតែស្តរហ័សតាមបែបជម្រើសដោយចៃដន្យ ដែលមានលក្ខណៈជាវដ្ត (Periodic) និងសមស្របនឹងហានិភ័យស្ថាប័ន ឬអង្គភាព និងប្រព្រឹត្តទៅជាប្រចាំលើបុគ្គលិកចំនួនយ៉ាងតិច ៥-១០% នៃបុគ្គលិកក្នុងស្ថាប័ន ឬអង្គភាព (ដោយក្នុងសំណាកនីមួយៗត្រូវមានបុគ្គលិកដែលមានទីតាំងលំនៅដ្ឋានក្នុងតំបន់ខុសៗគ្នា) ។ ផែនការនេះគួរធានាថា បុគ្គលិកទាំងអស់ ដែលមានវត្តមានលើបរិវេណស្ថាប័ន ឬអង្គភាព ទទួលបានការ ធ្វើតែស្តរហ័សជាប្រចាំ (យ៉ាងតិច ១ ដង ក្នុងចន្លោះ ១ ទៅ ២ សប្តាហ៍)។ ស្ថាប័ន ឬ អង្គភាពនីមួយៗត្រូវផ្សព្វផ្សាយឱ្យបានច្បាស់លាស់ និងទូលំទូលាយអំពីផែនការនៃការធ្វើ តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ របស់ខ្លួន»។
រាជរដ្ឋាភិបាល បន្ថែមថា ត្រូវកំណត់បុគ្គលិកដែលមានហានិភ័យខ្ពស់ដូចជាបុគ្គលិកដែលមានការប្រាស្រ័យទាក់ទង ជាមួយបុគ្គលិកផ្សេងទៀត ឬមនុស្សក្រៅស្ថាប័ន ឬអង្គភាពច្រើន រួចធ្វើតែស្តរហ័សឱ្យញឹកញាប់លើបុគ្គលិកទាំងនោះ។ ប្រសិនបើមានករណីវិជ្ជមាន ឬមានការផ្ទុះនៃជំងឺកូវីដ-១៩ ត្រូវអនុវត្តតាម គោលការណ៍ ណែនាំប្រតិបត្តិស្តីពីការប្រើប្រាស់គេស្គរហ័សរកអង់ទីហ្សែនកូវីដ-១៩ សម្រាប់គ្រឹះស្ថាន សុខាភិបាលឯកជន, ស្ថាប័ន និងអង្គភាពរដ្ឋមិនមែនសុខាភិបាល, បណ្តាច្រកទ្វារចេញ- ចូលប្រទេស, ក្រុមហ៊ុនឯកជន រោងចក្រ-សហគ្រាស និងទីកន្លែងអាជីវកម្មផ្សេងទៀត និង សម្រាប់បុគ្គលឯកជន របស់ក្រសួងសុខាភិបាល៕EB