ភ្នំពេញ ៖ ក្រោយពីសន្ដិសុខម្នាក់ យាមនៅខាងមុខធនាគារ ABA ក្បែរស្ពានអាកាសផ្សារដីហ៊ុយ បានបាញ់សម្លាប់បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយមូលហេតុបាញ់ការពារខ្លួននោះ ត្រូវមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកនាំគ្នាលើឡើងថា មិនត្រូវឲ្យគាត់ជាប់ពន្ធនាគារឡើយ។

បើតាមកាមេរ៉ាសុវត្ថិភាពចែកចាយតាមបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញសកម្មភាពជាក់ស្តែងថា បុរសជនរងគ្រោះបានដើរសំដៅចង្អុលមុខទៅរកសន្ដិសុខ កំពុងយាមនៅខាងមុខធនាគារ ABA ដោយមានកាន់កាំបិតជាមួយផង ប្រុងនឹងចាក់ទៅសន្ដិសុខ ក៏ប៉ុន្តែត្រូវបានសន្តិសុខដកកាំភ្លើងខ្លីបាញ់គំរាម តែជនរងគ្រោះនៅតែមានបំណងចាក់សន្ដិសុខ ទើបសន្តិសុខនោះ បាញ់សម្លាប់នៅនឹងកន្លែងតែម្តង។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៨៖៥៧នាទីយប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅក្បែរស្ពានអាកាសផ្សារដីហ៊ុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា ដោយសារមានទំនាស់គ្នានៃក្រុមក្មេងស្ទាវ បានវាយគ្នានៅខាងមុខធនាគារ ABA ទើបសន្តិសុខជាអ្នកយាម ហាមឃាត់ក្រុមជនទំនើងទាំងនោះ តែពួកគេនៅតែមិនស្តាប់ ថែមទាំងខឹងសម្បារសន្តិសុខ រហូតរត់ទៅយកកាំបិត ចង់ចាក់សន្តិសុខ ទើបបណ្តាលឱ្យសន្តិសុខដកកាំភ្លើងបាញ់ជនរងគ្រោះតែម្តង។

ក្រោយពីបង្ហាញវីដេអូនេះរួច ធ្វើឲ្យមហាជននាំគ្នាលើកឡើងថា មិនត្រូវឲ្យបុរសជាសន្ដិសុខជាប់ទោសឡើយ ដោយនាំគ្នាថា បាញ់ការពារខ្លួន ខណៈមានអ្នកច្បាប់មួយរូប បានលើកឡើងនូវមាត្រាច្បាប់មួយចំនួន នៃក្រមព្រហ្មទណ្ឌ ដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃបទល្មើស ដែលបានកើតឡើងនេះ។

មាត្រា៣៣ «ការការពារដោយស្របច្បាប់» ចែងថា ៖ បុគ្គលណាដែលប្រព្រឹត្តបទល្មើស ក្នុងសភាពការពារស្របច្បាប់ មិនទទួលខុសត្រូវព្រហ្មទណ្ឌទេ។ 

ការការពារដោយស្របច្បាប់ ត្រូវមានលក្ខខណ្ឌ ដូចខាងក្រោមនេះ ៖

 -បទល្មើស ត្រូវចាត់ទុកថា ត្រឹមត្រូវ ដោយការចាំបាច់ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិប្រឈមមុខ នឹងការឈ្លានពានមួយ ដែលមិនត្រឹមត្រូវ។

  -បទល្មើស និងការឈ្លានពាន ត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា

 -គ្មានវិសមាមាត្រ រវាងមធ្យោបាយការពារដែលប្រើប្រាស់ នឹងទម្ងន់នៃការឈ្លានពាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ