សមត្ថកិច្ច ខេត្តព្រះសីហនុ ឃាត់ខ្លួនយុវជន ៧១នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន
ព្រះសីហនុ៖ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់នៅថ្ងៃទី១៤ ឧសភា ម្សិលមិញ ថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន (មួយភូមិ) ឃាត់ខ្លួនមនុស្ស ៧១នាក់ និងដកហូតវត្ថុតាងមួយចំនួន នៅចំណុចក្រុម១១ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។
លោកវរសេនីយ៍ត្រី ឡុង គឹមហួរ បន្ដថា បន្ទាប់ពីទទួលបានព័ត៌មានករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងភូមិខាងលើដូចផ្សារលក់ត្រីរួចមក លោកបានដឹកនាំកម្លាំងចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនមនុស្សបានចំនួន ៧១នាក់ ដកហូតគ្រឿងញៀន ដូចជាម្សៅក្រាមពណ៌សថ្លាចំនួន ៤៤កញ្ចប់ ទម្ងន់ ៣៤.៣៤ក្រាម ខ្សែជក់ ០៣ ទូរសព្ទ ៣១គ្រឿង ម៉ូតូ ២០គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យទាំង ៧១នាក់ និងវត្ថុតាងកំពុងបន្តនីតិវិធីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបញ្ជួនទៅសាលាដំបូងខេត្ដ ចាត់ការតាមផ្លូវច្បាប់។ ក្នុងប្រតិបត្ដិការនេះ កម្លាំងសមត្ថកិច្ចម្នាក់បានរងរបួសស្រាល (របួសដៃ)៕EB