ភ្នំពេញ ៖ បច្ចុប្បន្ន អង្គភាពស៊ីម៉ាក់ និងអង្គការAPOPO សហការគ្នាប្រើប្រាស់កណ្តុរ ៥៧ក្បាល សម្រាប់បំរើប្រតិ្តបត្តិ ការបោសសំម្អាតមីន ក្នុងនោះ កំពុងប្រតិបតិ្តការ ៣៤ក្បាល ដាក់ចូលនិវត្តន៍៥ក្បាល និងកំពុងហ្វឹកហ្វឹន ១៨ក្បាល។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Michael Heiman ប្រធានអង្គការAPOPO ប្រចាំតំបន់ និងនៅកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ លោក ហេង រតនា លើកិច្ចសហប្រតិបតិ្តការវាង កម្លាំងស៊ីម៉ាក់ និងអង្គការAPOPO ក្នុងការអនុវត្តបច្ចេកទេស បោសសម្អាតមីនដោយសត្វកណ្តុរ ការស្រាវជ្រាវបច្ចេកទេសដោយសុនខ និងការជាវ សុនខស៊ីម៉ាក់យកទៅប្រតិបតិ្តការនៅក្រៅប្រទេស។  


សូមបញ្ជាក់ថា កណ្តុរ Magawa ដែលទទួលពានជើងឯកនៅប្រទេសអង់គ្លេសនោះ បានដាក់ឱ្យចូលនិវត្តន៍ ដោយបញ្ហាអាយុ និងសុខភាព ហើយMagawa រក្សាទុកឱ្យសំរាកនៅទីតាំងស៊ីម៉ាក់ខេត្តសៀមរាប។

ប្រភពដដែល បញ្ជាក់ថា «បច្ចុប្បន្ននេះ អង្គភាពស៊ីម៉ាក់ និងAPOPO សហការប្រើប្រាស់កណ្តុរ ចំនួន៥៧ក្បាលសម្រាប់បំរើប្រតិ្តបត្តិការបោសសម្អាតមីន ដែលក្នុងនោះ កំពុងប្រតិបតិ្តការ ចំនួន៣៤ក្បាល ដាក់ចូលនិវត្តន៍ ចំនួន៥ក្បាល និងកំពុងហ្វឹកហ្វឹន ចំនួន១៨ក្បាល»។  

 

ដោយឡែកសុនខ ដែលបានបញ្ជូនពីអង្គភាពស៊ីម៉ាក់ទៅបំរើការ នៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសអង់ហ្គោឡា និងប្រទេសតួរគី នោះ បានបំពេញប្រតិបតិ្តការយ៉ាងល្អប្រសើរ ហើយខាងអង្គការAPOPO បានស្នើសុំជាវសុនខមួយចំនួនបន្ថែមទៀត ពីស៊ីម៉ាក់ ដើម្បីយកទៅប្រតិបតិ្តការ នៅប្រទេសមួយចំនួនផេ្សងទៀត។  


ទន្ទឹងនឹងនេះដែរ លោក Michael Heiman បានបញ្ជាក់ពីលទ្ធភាព ក្នុងការទទួលជំនួយពីប្រទេសប៊ែលហ្សិកក្នុងការគាំទ្រកិច្ចប្រតបតិ្តការរបស់ អង្គភាពស៊ីម៉ាក់ ក្នុងរយ:ពេល៥ឆ្នាំ ២០២២-២០២៦ ហើយគោលដៅសំខាន់ របស់គម្រោងត្រូវបន្តអនុវត្តនៅទិសខេត្តព្រះវិហារ ជាពិសេស តំបន់ប្រាសាទព្រះវិហារ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ