ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា រហូតមក ដល់ពេលបច្ចុប្បន្ននេះ ក្រសួងពុំដែលផ្ដល់សិទ្ធិផ្ដាច់មុខ ដល់ក្រុមហ៊ុន នាំចូលជ្រូករស់ពីប្រទេសថៃ ឡើយ។
ថ្មីៗនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជា ក្រសួងកសិកម្ម បានពិនិត្យឃើញ ថា មានសារព័ត៌មានមួយចំនួន បានចុះផ្សាយអត្ថបទខុស ពីការពិត ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មជ្រូក នៅកម្ពុជាដែលមិនបាន សិក្សាបានច្បាស់លាស់ ធ្វើឲ្យសាធារណជនមាន ការយល់ច្រឡំមកលើក្រសួង ។
សេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានសុខភាពសត្វ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ បានឆ្លើយតបវិញថា «អគ្គនាយកដ្ឋានសុខភាពសត្វ ក៏ដូចជា ក្រសួងកសិកម្ម រហូតមកដល់ពេលបច្ចុប្បន្ននេះ ពុំដែលបានផ្តល់សិទ្ធិផ្តាច់មុខ ដល់ក្រុមហ៊ុននាំចូលជ្រូក រស់ពីប្រទេសថៃ ឡើយ ពោលក្រុមហ៊ុន ដែលមានបំណង ចង់ធ្វើពាណិជ្ជកម្ម នាំចូលជ្រូករស់អាចដាក់ពាក្យស្នើសុំ ដោយត្រូវបំពេញតាមវិធានការ ដែលជាការតម្រូវ ឲ្យអនុវត្តនីតិវិធី និងវិធានបច្ចេកទេសចំនួន ១២ចំណុច រវាងអគ្គនាយកដ្ឋានសុខភាពសត្វកម្ពុជា ជាមួយនាយកដ្ឋានអភិវឌ្ឍន៍ការចិញ្ចឹមសត្វ (DLD) នៃប្រទេសថៃឡង់ដ៏ ហើយសព្វថ្ងៃ មានក្រុមហ៊ុន ចំនួន៦ដែលកំពុងទទួលបានគោលការណ៍នាំជ្រូក រស់ចូលមកកម្ពុជា និងមានចំនួន៤ ក្រុមហ៊ុនទទួលគោល ការណ៍នាំឆ្លងកាត់»។
អគ្គនាយកដ្ឋានសុខភាពសត្វបន្ដថា ប្រទេសជិតខាងកំពុងជួបវិបត្តិការ រីករាលដាលជំងឺកូវីដ-១៩ ធ្វើឲ្យបាត់បង់ទីផ្សារក្នុងស្រុករបស់ខ្លួន ហើយធ្វើឲ្យកក ស្ទះផលិតផលសត្វ ។ ទន្ទឹមនឹងនេះ ក៏មានឈ្មួញខិលខូចមួយចំនួនតូចប្រើប្រាស់ កលល្បិចគ្រប់យ៉ាង ដើម្បីមានឱកាសយកផលិតផល កកស្ទះពីស្រុកគេមកចាក់នៅកម្ពុជា ដោយមិនបានគិតពីការប៉ះពាល់ដល់ការខាតបង់របស់អ្នកវិនិយោគនៅកម្ពុជា និងពីសុខភាពសាធារណៈឡើយ៕