ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងកំពុងរៀបចំដាក់តំបន់ការពារទេសភាព បឹងព្រែកល្ពៅ ស្ថិតនៅក្នុងខេត្តតាកែវ ជា«តំបន់រ៉ាមសារ» ដោយសារតែភាពសំខាន់នៃតំបន់នេះ ផ្តល់ជាធនធានធម្មជាតិ សម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាបជាច្រើនប្រភេទ ដែលជាប្រភេទសត្វកម្រ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា បានថ្លែងថា « ការដាក់តំបន់ដីសើមមួយជាតំបន់រ៉ាមសារ គឺត្រូវមានការសិក្សា និងប្រមូលទិន្ន័យពីជីវចម្រុះ សេវាកម្មអេកូឡូស៊ី និងសក្តានុពលនៃតំបន់ដីសើមនោះ ដើម្បីរៀបចំឯកសារព័ត៌មាន និងទាមទារឱ្យមានការពិគ្រោះយោបល់ និងទទួលការគាំទ្រពីអ្នកពាក់ព័ន្ធទាំងនៅមូលដ្ឋាន ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ បើតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ត្រូវបានដាក់តំបន់រ៉ាមសារ នោះកម្ពុជានឹងមាន តំបន់រ៉ាមសារសរុប ចំនួន ៦។ តំបន់រ៉ាមសារទាំង ៥ របស់កម្ពុជា រួមមាន តំបន់រ៉ាមសារស្ទឹង ត្រែង កោះកាពិ បឹងទន្លេឆ្មារ ព្រែកទាល់ និងស្ទឹងសែន»។


លោក បន្ដថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅស្ថិត នៅក្នុងខេត្តតាកែវ បានផ្តល់ជាធនធានធម្មជាតិសម្រាប់ ទ្រទ្រង់ដល់ជីវភាព ប្រជាសហគមន៍ និងជាទីជម្រកសម្រាប់សត្វស្លាបទឹក និងសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ជាពិសេស សត្វក្រៀល ដែលជាប្រភេទសត្វស្លាបកំពុងទទួលរងការគំរាមកំហែង។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅក៏មានវត្តមាន សត្វត្រដក់ធំ ដែលជាប្រភេទសត្វស្លាបជិតផុតពូជ និងប្រភេទសត្វស្លាបទឹកមួយចំនួនដូចជាត្រយងខ្លួងស ត្រយងខ្លួនរលោង រនាលពណ៌ ចង្កៀលខ្យង ទុងប្រផេះជាដើមដែលបានចុះមករកចំណីក្នុងតំបន់នេះ។


លោក រដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានផ្តល់ជាអត្ថប្រយោជន៍សំខាន់ៗ ជាច្រើន ដែលបានគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈសេវាកម្មប្រព័ន្ធអេកូឡូស៊ីយ៉ាងសម្បូរបែបរបស់វា ដូចជា ៖ សេវាកម្មផ្គត់ផ្គង់ដោយផ្តល់ជាប្រភពទឹក អាហារ ឱសថ ត្រី ធនធាន ពន្ធុ ដីល្បាប់ និងធនធានធម្មជាតិ ផ្សេងៗទៀត  សេវាកម្មនិយ័តកម្ម ដោយទប់ស្កាត់គ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត និយ័តកម្មអាកាសធាតុក្នុងតំបន់ និងនៅសាកល បន្សុទ្ធទឹក ជាដើម សេវាកម្មវប្បធម៌ ដោយផ្តល់ជាតម្លៃសោភ័ណភាព ទេសចរណ៍ធម្មជាតិ ការកម្សាន្ត តម្លៃបេតិកភណ្ឌវប្បធម៌ សាសនា ទំនាក់ទំនងសង្គម ការអប់រំ និងសិក្សាស្រាវជ្រាវ និងសេវាកម្ម គាំទ្រ ដូចជាផ្តល់ជាទីជម្រកដល់ជីវចម្រុះ ការកកើតដីល្បាប់ សារធាតុរ៉ែ សារធាតុសរីរាង្គ ផ្តល់ជាផលិតកម្មបឋម គាំទ្រដល់វដ្តទឹក និងវដ្តចំណីអាហារ ជាដើម។  ទើប ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះទៅជាតំបន់  រ៉ាមសារ ដែលនឹងផ្តល់តម្លៃដល់តំបន់ដីសើមនេះជាអន្តរជាតិ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ