ភ្នំពេញ ៖ អង្គការ WWF ប្រចាំកម្ពុជា បានឱ្យដឹងពីបច្ចុប្បន្នភាព នៃប្រកាសអាសន្នអំពីការស្លាប់ជាបន្តបន្ទាប់របស់សត្វផ្សោតទន្លេមេគង្គ ខណៈមានសត្វផ្សោតចំនួន ១១ក្បាលហើយ បានស្លាប់ក្នុងឆ្នាំ២០២២នេះ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អង្គការ WWF បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ សត្វផ្សោតដែលមានសុខភាពល្អមួយក្បាលទៀតបានស្លាប់អណ្តែតនៅតំបន់ក្បែរកោះទ្រង់ ចម្ងាយប្រមាណ ១០គីឡូម៉ែត្រប៉ែកខាងក្រោមអន្លង់កាំពី ខេត្តក្រចេះ។ ក្រោយការពិនិត្យសាកសពសត្វផ្សោតយ៉ាងល្អិតល្អន់ ក្រុមអ្នកជំនាញស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងអង្គការ WWF បានសន្និដ្ឋានជាបឋមថាសត្វផ្សោតមួយក្បាលនេះបានស្លាប់ក្រោយពីបានរមួលខ្លួនជាប់នឹងសន្ទូចរនង ដោយក្រុមស្រាវជ្រាវបានរកឃើញស្នាមសន្ទូចរនងជាច្រើនពេញដងខ្លួន និងកន្ទុយរបស់វា។ 

សត្វផ្សោតសរុបចំនួន ១១ក្បាល ហើយបានស្លាប់នៅក្នុងឆ្នាំ ២០២២ នេះ (គិតត្រឹមថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២) រីឯសត្វផ្សោតដែលបានស្លាប់ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ មានចំនួនសរុប ២៩ ក្បាល។ អង្គការ WWF-កម្ពុជា សូមអំពាវនាវជាថ្មីម្តងទៀតដល់អាជ្ញាធរទទួលខុសត្រូវទាំងអស់សូមមេត្តាប្រមូលផ្តុំ និងពង្រឹងកំលាំងសម្រាប់ការអនុវត្តច្បាប់ជាបន្ទាន់ក្នុងការបង្កើនការល្បាតទាំងពេលថ្ងៃ និងពេលយប់ដើម្បីការពារសត្វផ្សោតដែលនៅសេសសល់ឲ្យជៀសផុតពីការស្លាប់ដោយសារការនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សសត្វផ្សោត។

លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានមានប្រសាសន៍ថា «ការកើនឡើង នៃសកម្មភាពនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោតនាពេលថ្មីៗនេះ នឹងបណ្តាលឱ្យសត្វផ្សោតទន្លេមេគង្គឈានទៅផុតពូជ ប្រសិនបើគ្មានវិធានការបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះទេ»។

លោក បន្ដថា សោកនាដកម្មដែលគួរអាចបញ្ចៀសបាននៃការស្លាប់របស់សត្វផ្សោតវ័យបន្តពូជទាំងបីក្បាល ជាបន្តបន្ទាប់ក្នុងរយៈពេលមិនដល់១០ ថ្ងៃ ផងនេះ ជាសារយ៉ាងច្បាស់មួយដល់អាជ្ញាធរទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ថា នេះជាពេលចាំបាច់បំផុតហើយ ដើម្បីបង្កើនវត្តមានមន្ត្រីសម្រាប់ការពង្រឹងការអនុវត្តច្បាប់នៅក្នុងជម្រកសត្វផ្សោតសំខាន់ៗទាំងអស់។ 

លោកបានបន្ថែមថា មិនមានជម្រើសផ្សេងទៀតទេ ក្រៅពីការអនុវត្តច្បាប់ដោយតឹងរ៉ឹង ជាបន្ទាន់ ដើម្បីបញ្ឈប់ទាំងស្រុងនូវសកម្មភាពខុសច្បាប់គ្រប់ទម្រង់នៅក្នុងតំបន់ដែលសត្វផ្សោតរស់នៅ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ