កម្ពុជា-សិង្ហបុរី មានបេ្តជ្ញាយ៉ាងមុតមាំក្នុងការពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាឲ្យបានកាន់តែប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតបឲ្យទាន់ទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ទាំងក្នុងតំបន់ និងពិភពលោក។ 

ការប្តេជ្ញាចិត្តដ៏មុតស្រួចនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបជម្រាបលារបស់លោក ម៉ាយឃើល តាន (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា រវាង លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។

លោកអ៉ិត សំហេង បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងការទូត និងវិស័យនានា ពិសេសគឺវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងសិង្ហបុរី ក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តម ម៉ាយឃើល តាន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។លោករដ្ឋមន្ត្រីបានបន្តថា សិង្ហបុរីបានជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជាច្រើនដល់គ្រូបង្គោល និងសិក្ខាកាមកម្ពុជា ពិសេសសិង្ហបុរីបានបញ្ជូនគ្រូជំនាញៗមកបណ្ដុះបណ្ដាលដល់ប្រទេសកម្ពុជាផ្ទាល់។

ចំពោះផ្នែកសុវត្ថិភាព និងសុខភាពរបស់កម្មករនៅកន្លែងធ្វើការងារ សិង្ហបុរីក៏បានជួយច្រើនណាស់ដែរ ដូចជាជួយរៀបចំបច្ចេកទេសសុវត្ថិភាពឡចំហាយនៅក្នុងរោងចក្រ ការបណ្ដុះបណ្ដាលអ្នកជំនាញត្រួតពិនិត្យឡចំហាយជាដើម ដោយបានចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ផ្សេងៗបានយ៉ាងច្រើននៅក្នុងរោងចក្រ សហគ្រាស។

សំណើបន្ទាប់របស់លោក អ៉ិត សំហេង គឺពាក់ព័ន្ធនឹងវិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ពិសេសគឺកម្ពុជាត្រូវការធនធានមនុស្សប្រកបដោយគុណវឌ្ឍិ ហើយកន្លងមកសិង្ហបុរីក៏បានដើរតួយ៉ាងច្រើនក្នុងការជំរុញលើការងារនេះ។ ជាមួយគ្នានោះ កម្ពុជាក៏មានបំណងចង់បន្តកិច្ចសហបប្រតិបត្តិការជាមួយសិង្ហបុរីតទៅមុខទៀត ហើយសង្ឃឹមថាសិង្ហបុរីនឹងនៅតែចែករំលែកបទពិសោធន៍ដល់កម្ពុជាបន្ថែមទៀតផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ