ភ្នំពេញ ៖ កម្ពុជា ចាប់ផ្ដើមធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ចាប់ថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ពីវិមានសនិ្តភាព រាជធានីភ្នំពេញ។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំកំពូលនេះ ដោយមានការចូលរួមពីប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល និងអ្នកតំណាងជាន់ខ្ពស់របស់ប្រទេសដៃគូ ASEM ទាំង ៥១ មកពីអាស៊ី និងអឺរ៉ុប ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន។ 

កិច្ចប្រជុំកំពូល ASEM13 ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា» នឹងផ្តល់ឱកាសដ៏ទាន់ពេលវេលាមួយ ដល់ថ្នាក់ដឹកនាំមកពីតំបន់អាស៊ី និងអឺរ៉ុប ដើម្បីបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាសកល និងតំបន់ សម្រាប់ផលប្រយោជន៍ទៅវិញទៅមក ក្នុងនោះរួមទាំងបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ចបណ្តាលមកពីជំងឺនេះ ផងដែរ។ 

មុនពេលដំណើរការកិច្ចប្រជុំកំពូល ASEM13 តំណាងមកពីព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល បានអញ្ជើញថ្លែងការណ៍ រួមមាន ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាសហប្រធាននៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាសហអ្នករៀបចំវេទិកាធុរកិច្ច និងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប និងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាអ្នករៀបចំវេទិកាអាស៊ី-អឺរ៉ុប ស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ  ព្រមទាំង តំណាងមកពីកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុប និងវេទិកាប្រជាជនអាស៊ី-អឺរ៉ុប ផងដែរ។ 

ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេល២ ថ្ងៃនេះ ថ្នាក់ដឹកនាំ ASEM នឹងពិភាក្សាអំពីតួនាទីរបស់ ASEM ក្នុងការលើកកម្ពស់ពហុភាគីនិយម ដោយផ្តោតលើប្រធានបទពាក់ព័ន្ធ រួមមាន ៖ ទី១-ASEM ក្នុងគម្រប់ខួប ២៥ ឆ្នាំ៖ សមិទ្ធផល បញ្ហាប្រឈម និងទិសដៅនាពេលអនាគត ទី២-ការធ្វើឱ្យប្រសើរឡើងវិញនូវដំណើរការពហុភាគីនិយម ដើម្បីសន្តិភាព និងស្ថិរភាពសកល ទី៣-ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់ ទី៤-កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ទី៥-ការតភ្ជាប់ ទី៦-ស្ត្រី សន្តិភាព និងសន្តិសុខ និងទី៧-បម្រែបម្រួលអាកាសធាតុ ។

សូមបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM13 ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជា ក្នុងការជំរុញពហុភាគីនិយម ក៏ដូចជាការចូលរួមយ៉ាងសកម្មតាមតែអាចធ្វើទៅបានរបស់ខ្លួននៅក្នុងសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនាពេលបច្ចុប្បន្ន និងកំពុងលេចឡើងថ្មីៗនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ