ក្រសួងកសិកម្ម ចាត់បញ្ជូនមន្ដ្រីដើម្បីរកដំណោះស្រាយ បន្ទាប់ពីតម្លៃស្រូវ នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ ចុះថ្លៃ
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់បញ្ជូនមន្ដ្រីក្រោមឱវាទចុះពិនិត្យជាក់ស្ដែង ដើម្បីរកដំណោះស្រាយជូនប្រជាកសិករ បន្ទាប់ពីតម្លៃស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ មានការចុះថៃ្លនៃស្រូវ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងកសិកម្ម នាពេលថ្មីៗនេះ បានឱ្យដឹងថា «ក្រសួងបានដឹង រួចហើយពីការធ្លាក់ចុះនៃថ្លៃស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាពេលថ្មីៗនេះ។ ជាដំណោះស្រាយ ក្រសួងបានចាត់បញ្ចូន ឯកឧត្តមអនុរដ្ឋលេខាធិការ ចំនួន២រូប គឺ ឯកឧត្តម ឃី កុសល និងឯកឧត្តម ឈុំ ឆុនលី ព្រមទាំងក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីចុះទៅពិនិត្យជាក់ស្ដែង និងរកដំណោះស្រាយសមស្រប នៅនឹងកន្លែងជូនបងប្អូនប្រជាកសិករ»។
សូមជ្រាបថា ពេញមួយខែវិច្ឆិកា រហូតដល់ពាក់កណ្ដាលខែធ្នូ គឺជាពេលវេលាប្រមូលផលស្រូវរដូវវស្សា ជាពិសេសប្រភេទពូជស្រូវផ្ការំដួល ដែលជាហេតុធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវកំពុងកកស្ទះ និងជះឥទ្ធិពលដល់ថ្ល ស្រូវដូចកាលពីឆ្នាំកន្លងទៅដែរ។ ឆ្នាំនេះ បើទោះបីជាដំណាំស្រូវត្រូវរងផលប៉ះពាល់ដោយសារទឹកជំនន់ក៏ដោយ ក៏ការប្រមូលផលនៅតែមានច្រើន និងសម្រុកធ្វើឡើងព្រមៗគ្នាចាប់ពីដើមខែវិច្ឆិកាមក។
នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រោងម៉ាស៊ីនកិនស្រូវជាច្រើនកំពុងមមាញឹកក្នុងការប្រមូលទិញ សម្ងួត និងកិនស្រូវប្រភេទផ្ការំដួលនេះ ទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន។ ក្រសួងកសិកម្ម សូមអំពាវនាវដល់ប្រជាកសិករដែលជួបបញ្ហាជាក់ស្តែង ឱ្យទាក់ទងផ្ទាល់មកក្រុមការងាររបស់ក្រសួង តាមរយៈទូរស័ព្ទលេខ ០៩៥ ៩៥១ ១១១ (សម្រាប់ខេត្តបាត់ដំបង) និងលេខ ០១២ ៨៣៨ ៩៣៧ (សម្រាប់ខេត្តបន្ទាយមានជ័យ) ដើម្បីឱ្យក្រុមការងារក្រសួងអាចទទួលបានព័ត៌មាន ពេញលេញ និងធ្វើការសម្របសម្រួលជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់។
ទន្ទឹមគ្នានេះ ក្រសួង ក៏អំពាវនាវឱ្យប្រជាពលរដ្ឋនៅក្នុងបណ្តាញសង្គមបញ្ឈប់នូវការបង្ហោះព័ត៌មានមិនពិត ដែលថាក្រសួងមិនអើពើជួយដោះស្រាយ។ ការបង្ហោះព័ត៌មានបែបនេះនឹងបង្កការភ័យបារម្ភដល់ប្រជាកសិករ ដែលមិនទាន់ដល់ពេលប្រមូលផល ឱ្យប្រញាប់ច្រូតស្រូវមិនទាន់គ្រប់គុណភាពដើម្បីលក់ ដែលធ្វើឱ្យថ្លៃស្រូវ កាន់តែធ្លាក់ចុះថែមទៀត៕EB