ភ្នំពេញ ៖ ថ្មីៗនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរកឃើញថា ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart Axiata Co., Ltd.) បានអនុវត្តខុសនឹងនីតិវិធី ក្នុងការបើកលេខទូរសព្ទជូនអតិថិជន ដោយបានកាត់ផ្តាច់លេខទូរសព្ទ របស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឱ្យអតិថិជនថ្មីដោយគ្មានការយល់ព្រមពីម្ចាស់ដើម។ 

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងប្រៃសណីយ៍ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់សេវាទូរសព្ទចល័ត ក្រសួងប្រៃសណីយ៍ សូមជម្រាបជូនសាធារណជនអំពីការចាត់វិធានការលើក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ដូចខាងក្រោម៖ 

១. ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ត្រូវធ្វើការសុំទោសជាសាធារណៈ ដោយចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួននិងសន្យាមិនឱ្យមានហេតុការណ៍ខាងលើកើតមានសារជាថ្មីម្តងទៀត។ 

២. ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ត្រូវផ្តល់សំណងនៃការខូចខាតដល់ម្ចាស់ដើមចំពោះការប្រព្រឹត្ត ខុសនឹងនីតិវិធីក្នុងការបិទលេខទូរសព្ទពីអតិថិជនដែលកំពុងប្រើប្រាស់។ 

៣. ម្ចាស់ដើមមានសិទ្ធិទទួលបានលេខទូរសព្ទនោះមកប្រើប្រាស់វិញ។ 

៤. រាល់បុគ្គលពាក់ព័ន្ធនឹងករណីខាងលើនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រំលឹកដល់ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់ ត្រូវពង្រឹង ការគ្រប់គ្រងនិងនីតិវិធីនៃការចែកចាយនិងលក់ស៊ីមកាតទូរសព្ទចល័ត ឱ្យបានត្រឹមត្រូវជូនអតិថិជនរបស់ខ្លួន ជៀសវាង មានករណីបែបនេះកើតឡើង។ ក្រសួងប្រៃសណីយ៍ នឹងបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរ៉ឹង បំផុត ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តណា ដែលបាន ប្រព្រឹត្តខុស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ