(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ ហើយបានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវជាបន្ទាន់ ចំពោះម្ចាស់ហាង និងកន្លែងលក់ដូរទំនិញ ដែលឡើងថ្លៃហួសកំរិត ក្នុងគ្រាដែលកម្ពុជាកំពុងផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩។

លោក ឃួង ស្រេង បានថ្លែងថា «រដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា ម្ចាស់ហាង និងកន្លែងលក់ដូរមួយចំនួនបានឆ្លៀត ឱកាសកេងចំណេញឡើងថ្លៃហួសហេតុ នៅពេលដែលប្រជាពលរដ្ឋសម្រុកនាំគ្នាទៅទិញស្បៀងអាហារ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ហាង និងកន្លែងលក់ដូរដែលដំឡើងថ្លៃ ហើយសមត្ថកិច្ចកំពុងធ្វើការងារនេះយ៉ាងយកចិត្តទុកដាក់»។

លោក ឃួង ស្រេង បញ្ជាក់ថា ការដំឡើងថ្លៃទំនិញហួសហេតុនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋ គ្រាដែលរាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាបន្ដបន្ទាប់ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ និងក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

គួររម្លឹកផងដែរថា កាលពីល្ងាច និងយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ប្រជាពលរដ្ឋសម្រុកទៅទិញស្បៀងអាហារដើម្បីត្រៀមទុកនៅក្នុង ក្រោយមានការបែកធ្លាយសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការបិទខ្ទប់រយៈពេល១៤ថ្ងៃ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ