ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ លោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មេគង្គ-គង្គា លើកទី១១ (11th MGC FMM) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

រដ្ឋមន្រ្តីការបរទេស នៃបណ្តាប្រទេសមេគង្គ ផ្សេងទៀត រួមមាន ៖ ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ផងដែរ។


យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបទេសខ្មែរ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការ មេគង្គ-គង្គា នឹងពិនិត្យវឌ្ឍនភាពនៃកិច្ចសហ ប្រតិបត្តិការចាប់តាំងពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មេគង្គ-គង្គា លើកទី១០ ដែលបានប្រព្រឹត្តទៅ នៅទីក្រុងបាងកក នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ និងកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិ- បត្តិការ  សំដៅពង្រឹង និងពង្រីកបន្ថែមទៀតកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ជាពិសេស នៅក្នុង បរិបទនៃជំងឺរាតត្បាតកូវីដ-១៩។ រដ្ឋមន្រ្តីទាំងអស់ រំពឹងថា នឹងផ្លាស់ប្តូរយោបល់គ្នាផងដែរលើបញ្ហា តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួម។ 

កិច្ចប្រជុំ 11th MGC FMM តាមប្រព័ន្ធវីដេអូនេះ បញ្ជាក់អំពីសមិទ្ធផលថ្មីបន្ថែមទៀតក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ក្នុងរយៈពេល ២១ឆ្នាំកន្លងមកសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម នៅក្នុងអនុតំបន់មេគង្គ និងប្រទេសឥណ្ឌា ស្របពេលជាមួយការពង្រឹងកិច្ច សហប្រតិបត្តិការរវាងឥណ្ឌា និងប្រទេសមេគង្គ តាមរយៈទំនាក់ទំនងវប្បធម៌ និងរវាងប្រជាជន និង ប្រជាជន។ ដើម្បីអបអរខួបទី២០ នៃកិច្ចសហប្រតិបត្តិការនេះ កិច្ចប្រជុំនឹងមានការបើកសម្ពោធឱ្យដំណើរការនូវគេហទំព័រ MGC ថ្មីស្រឡាងមួយ និងការចាក់បង្ហាញឯកសារវីដេអូ ដែលឆ្លុះបញ្ចាំងអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាសង្គមវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសសមាជិក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ