សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យម្ចាស់រថយន្ដ ប្រញាប់ទៅបង់ពន្ធ និងហាមដាច់ខាត មិនឱ្យមានឡានចង្កួតស្ដាំចរាចរលើផ្លូវ
ភ្នំពេញ ៖ ដោយថ្ងៃកំណត់ នៃការអនុគ្រោះពន្ធ១០% សល់ត្រឹមតែ១៥ថ្ងៃទៀតនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យម្ចាស់រថយន្ដ ប្រញាប់ទៅបង់ពន្ធ និងហាមដាច់ខាត មិនឱ្យមានឡានចង្កួតស្ដាំចរាចរ លើផ្លូវ។
ថ្លែងក្នុងកម្មពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ីភ្នំពេញ «HYATT REGENCY PHNOM PENH» នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវចំពោះម្ចាស់រថយន្ដ ដែលមិនទាន់បានបង់ពន្ធ សូមអញ្ជើញមកបង់ពន្ធឱ្យបានរួសរាន់ ដើម្បីទទួលបាននូវការអនុគ្រោះ ១០%»។
សម្ដេច សង្កត់ថា «មិនឱ្យមានព្រឹត្តិការណ៍ច្រាំដែល កើតឡើងតទៅទៀតនោះទេ លើរថយន្ដមិនបោះពន្ធជ្រកក្រោមផ្លាកលេខនេះ ឬផ្លាកលេខនោះ ហើយក៏មិនឱ្យមានវត្តមានរថយន្ដចង្កួតស្ដាំ ចរាចរបើកលើផ្លូវ មិនថាផ្លូវជាតិឬផ្លូវលំ ត្រូវកែវាទៅឆ្វេង»។
សម្ដេច បន្ថែមថា ក្រោយថ្ងៃ៣១ ធ្នូ គឺត្រូវបោះពន្ធពេញដោយមិនទទួលបាន ការអនុគ្រោះពន្ធ១០%នោះទេ។ សម្ដេច ថា រឿងរថយន្ដអត់បង់ពន្ធនេះ គឺជារឿងរកស៊ីរត់ពន្ធ ដោយយកឡានមកជិះ។
សូមរំលឹកថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា «អនុលោមតាមលិខិតលេខ ៤៨២ សជណ.ហធ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រីនិងយោងតាមសេចក្តីជូនដំណឹងលេខ ១៩៨៣/២១ អគរ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ស្តីពីការអនុវត្តគោលការណ៍ និងយន្តការ នៃការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលកំពុងជ្រកក្រោមផ្លាកលេខផ្សេងៗ អគរ សូមធ្វើការរំលឹកដល់ម្ចាស់រថយន្តពាក់ព័ន្ធ មេត្តាជ្រាបថាការអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ-អាករចំនួន ១០ភាគរយ សម្រាប់រថយន្តចង្កូតឆ្វេង នឹងត្រូវដល់ឱសានវាទត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ»៕EB