ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសង្ឃឹមថា គ្មានសម្ពាធណាមួយ ដាក់ទណ្ឌកម្មលើកម្ពុជា គ្រាន់តែកម្ពុជាមានសេរីភាព ក្នុងការធ្វើទំនាក់ទំនងជាមួយ ចិន នោះទេ

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ជំនួយរបស់មិត្តចិន មិនមែនសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ប៉ុណ្ណោះទេ ប៉ុន្ដែជំនួយនេះ ក៏បានជួយដល់ពង្រឹង ឯករាជ្យ អធិបតេយ្យភាព ខាងនយោបាយរបស់កម្ពុជា ផងដែរ។

សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំសង្ឃឹមថា សម្ពាធណាផ្សេងទៀត ដែលតំម្រង់ឆ្ពោះមកដាក់ទណ្ឌកម្មមកលើកម្ពុជា ដែលគ្រាន់តែកម្ពុជាមានសេរីភាព ក្នុងធ្វើទំនាក់ទំនងជាមួយ សាធារណរដ្ឋប្រជាមានិតចិន នោះទេ»។

សម្ដេចតេជោ បន្ដថា «ថ្ងៃនេះ អ្នកខ្លះអាចលើកឡើងថា វាជាការផ្គើនជាមួយ បទបញ្ជាពីខាងក្រៅ ដែលហាមឃាត់ទាក់ទងរវាង កម្ពុជា ជាមួយចិន ដែលយើងធ្វើកម្មវិធីធំមួយ ទោះបីក្រោមសម្ពាធកូវីដក៏ដោយ»។

សម្ដេចតេជោ បន្ដថា បើពុំមានកូវីដ-១៩ បំផ្លាញកម្ពុជាទេ ក្នុងពិធីសម្ពោធ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ឲ្យមានមនុស្សលើស ជាង៦ម៉ឺននាក់ ប៉ុន្ដែថ្ងៃនេះ ជួបជុំគ្នាក្រោម២ម៉ឺននាក់ តែប៉ុណ្ណោះ ដើម្បីធានាសុវត្ថិភាពអ្នកចូលរួម ក៏ដូចជា វិធានការសុខាភិបាល ផងដែរ។

សម្តេចតេជោ បន្ដថា នេះជាសមិទ្ធផលដ៏ធំ តែអ្វីដែលធំជាងនេះ គឺជាជម្រៅទឹកចិត្តដែលមេដឹកនាំ និងប្រជានចិន ផ្តល់ឲ្យប្រជាជនកម្ពុជា។ សម្ដេចថា ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ «គឺមានរូបរាងជាសំពៅ» ដោយបញ្ជាក់អំពីទំនាក់ទំនងយូរអង្វែងរវាងកម្ពុជា និងចិនតាំងពីភាគីទាំងពីរបានធ្វើដំណើរតាមសំពៅមកម្លេះ។

សម្តេចតេជោ អះអាងថា ជំនួយឥតសំណងរបស់មិត្តចិន ក្នុងការកសាងពហុកីឡដ្ឋានជាតិ មរតកតេជោនាពេលនេះ គឺជាជំនួយធំជាងគេបំផុត បើប្រៀបធៀបជាមួយនឹងជំនួយផ្សេងៗទៀត ដែលប្រជាជន និងរដ្ឋាភិបាលចិនបានផ្តល់ឲ្យកម្ពុជានោះ។

សូមបញ្ជាក់ថា ពហុកីឡាដ្ឋានមរតកតេជោ ក៏ជាពហុកីឡាដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុត ដែលអាចទទួលទស្សនិកជនចូលអង្គុយទស្សនារហូត ដល់ជាង៦ម៉ឺននាក់ និងអាចទន្លៀសទស្សនិកជនក្នុងរយះពេលប្រមាន៧នាទី នៅពេលជួបឧបទ្ទហេតុអ្វីមួយកើតឡើង។ សមិទ្ធផលនេះកើតឡើង ក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលចិន ដែលជា សមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ ក្រោមក្របខណ្ឌការកសាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ