ភ្នំពេញ ៖ លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានឆ្លើយតបនឹងសារអេឡិចត្រូនិចអ៊ីម៉ែលរបស់សារព័ត៌មានក្នុងស្រុកថា បញ្ហាសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានសាលាទាហានអាមេរិក West Point បកស្រាយរួចហើយកាលពីឆ្នាំ២០១៩ ដែលមានន័យថា ស្ដង់ដារសញ្ញាបត្ររបស់សាលាអាមេរិក មិនមានការបែងចែកស្ដង់ដារកម្រិត២ ឬសញ្ញាបត្រយោគយល់ដូចដែលលោក សម រង្ស៊ី លើកឡើងនោះទេ។  

លោក Chad Roedemeier បានបញ្ជាក់ប្រាប់ថា «ស្ថានទូត មិនអាចឆ្លើយតបរឿងសញ្ញាបត្រជំនួសសាលារបស់អាមេរិកនោះទេ តែលោកថា ករណីសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ត្រូវបានសាលា West Point បកស្រាយរួចហើយកាលពីខែតុលា ឆ្នាំ២០១៩ ដែលពេលនោះប្រធានផ្នែកកិច្ចការសាធារណៈ និងទំនាក់ទំនងនៅសាលាបណ្ឌិត្យសភាយោធាអាមេរិក West Point លោក Christopher Ophardt បានបញ្ជាក់កាលពីខែតុលា ឆ្នាំ២០១៩ ថា ការអនុញ្ញាតដល់សិស្សអន្តរជាតិបានមកសិក្សានៅសាលាបណ្ឌិតសភាអាមេរិក West Point គឺជាគំនិតផ្ដួចផ្ដើមរបស់ក្រសួងការបរទេសនិងក្រសួងការពារជាតិអាមេរិក។ ហើយរបៀបនៃជ្រើសរើស ការសិក្សា និងបណ្ដុះបណ្ដាលយោធាគឺដូចគ្នាទៅនឹងសិស្សជនជាតិអាមេរិកដូចគ្នា។ គ្មានការបែងចែកសិស្សកម្រិត២ ឬសិស្សទទួលបានការយោគយល់នោះទេ»។  

កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy ឱ្យជួយបកស្រាយករណីដែលមានការលើកឡើងថា សញ្ញាបត្រដែលនិស្សិតកម្ពុជា ទទួលបានពីអាមេរិកគឺជាសញ្ញាបត្រកម្រិត២ ឬជាសញ្ញបត្រយោគយល់ ដោយថា ដើម្បីការពារកិត្តិយសការអប់រំនៅក្នុងសហរដ្ឋអាមេរិក។  

ការលើកឡើងរបស់ សម្ដេចតេជោ បែបនេះ ដោយរំលឹកពីការវាយប្រហារលើសញ្ញាបត្រដែលកូនប្រុសរបស់ សម្ដេចតេជោ គឺលោក ហ៊ុន ម៉ាណែត ត្រូវបានលោក សម រង្ស៊ី លើកឡើងមកវាយប្រហារជានិច្ចជាកាល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ