ភ្នំពេញ ៖ រយៈពេល១០ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែតុលា កម្ពុជារកចំណូលបានជាង ៣៩៦លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ។
របាយការណ៍ បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែតុលា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៣៩៦,១៤០,៦៣៤ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៣៩២,៥៦៤,៥៩៧ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូចំនួន ៣,៥៧៦,០៣៧ដុល្លារ។
ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមខែតុលា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ២៦៤,៩១៨តោន ថយចុះចំនួន ១,៥៥២តោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ១,៦៨៣ម៉ែត្រគូប។
សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែតុលា ឆ្នាំ២០២២ ថ្លៃ ១,៤៨២ដុល្លារក្នុងមួយតោន បានថយចុះចំនួន ១៨១ដុល្លារ ក្នុងមួយតោន ស្មើនឹង១១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣%។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារាចរថ្មីមួយ ស្តីពីនិរាករណ៍សារាចរណែនាំរបស់រាជរដ្ឋាភិបាល លេខ១០ សរណន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣ ស្ដីពីវិធានការទប់ស្កាត់ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មិនទាន់កែច្នៃទៅបរទស៕