ភ្នំពេញ ៖ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជា បាននាំចេញផ្លែស្វាយស្រស់ ប្រមាណ១៦១ ២២៨តោន ហើយចំនួននេះ កើនឡើងជិត២៤៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ប្រទេសវៀតណាម ជាទីផ្សារនាំចេញស្វាយស្រស់ធំជាងគេរបស់កម្ពុជា។ ក្រៅពីស្វាយស្រស់ កម្ពុជាក៏បាននាំចេញតំណាប់ស្វាយ និងទឹកស៊ីរ៉ូស្វាយជាង១៧,៥ពាន់តោនទៅទីផ្សារអន្តរជាតិដែរ។

កម្ពុជា បាននាំចេញផ្លែស្វាយស្រស់ ចំនួន ១៦១ ២២៨,៥៥តោន ក្នុងរយៈពេល៧ខែឆ្នាំ២០២១នេះ ដោយបរិមាណនេះកើនឡើងជិត២៤៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ បើតាមរបាយការណ៍ដែលបង្ហោះនៅទំព័រហ្វេសប៊ុករបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី៣១ ខែកក្កដាកន្លងទៅ។


របាយការណ៍នោះឱ្យដឹងទៀតថា ក្នុងចំណោមប្រទេសចំនួន៧ ដែលកម្ពុជាបាននាំចេញផ្លែស្វាយស្រស់ទៅនោះ ប្រទេសវៀតណាម ជាទីផ្សារនាំចេញស្វាយស្រស់ធំជាងគេរបស់កម្ពុជា បន្ទាប់មកគឺប្រទេសថៃ ចិន និងកូរ៉េខាងត្បូង។ 

បើតាមរបាយការណ៍ដដែល បរិមាណសា្វយស្រស់ដែលបាននាំចេញទៅកាន់ប្រទេសវៀតណាមមានជិត ១៤ម៉ឺនតោន ខណៈនាំចេញទៅប្រទេសថៃ មានជាង២.១ម៉ឺនតោន។ ស្វាយស្រស់ជាង២១១តោន ត្រូវបាននាំចេញទៅកាន់ប្រទេសចិន និងជាង១២៤តោន ត្រូវបាននាំទៅប្រទេសកូរ៉េខាងត្បូង។ ទីក្រុងហុងកុង ក៏បាននាំចូលស្វាយស្រស់ពីកម្ពុជា ជាង៥០តោនដែរពីកម្ពុជាដែរ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២១នេះ ខណៈប្រទេសសិង្ហបុរី បាននាំចូលជាង១៦តោន។ របាយការណ៍ដដែល បញ្ជាក់ទៀតថា កម្ពុជា ក៏បាននាំចេញផ្លែស្វាយស្រស់ចំនួន១០គីឡូក្រាម ទៅប្រទេសគុយវ៉ែតដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ