ក្រសួងកសិកម្មនឹងរៀបចំពិធីសម្ពោធការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាដោយផ្ទាល់ទៅកាន់ប្រទេសចិនជាផ្លូវការនៅថ្ងៃទី០៧ ខែឧសភាខាងមុខនេះ
នៅទីបំផុតក្រសួងកសិកម្មនឹងរៀបចំពិធីសម្ពោធការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាដោយផ្ទាល់ទៅកាន់ប្រទេសចិនជាផ្លូវការនៅថ្ងៃទី០៧ ខែឧសភាខាងមុខនេះ បន្ទាប់ពីរដ្ឋាភិបាលបានព្យាយាមប្រឹងប្រែងចរចាបើកទីផ្សារជាមួយភាគីចិនអស់រយៈពេលជាង៣ឆ្នាំ។ នេះបើតាមការបញ្ជាក់ពីលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ការសម្ពោធការនាំផ្លែស្វាយទៅចិននេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលគយចិន បានអនុម័តទទួលស្គាល់ជាផ្លូវការនូវបញ្ជីឈ្មោះចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់ចំនួន៥ ដែលបានចុះបញ្ជាក់សម្រាប់ការនាំចេញផ្លែស្វាយស្រស់កម្ពុជាទៅប្រទេសចិន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ។
លោករដ្ឋមន្ត្រី វេង សាខុន បានបន្ថែមថា តាមរយៈសមត្ថភាពរោងចក្រវេចខ្ចប់ទាំង៥នេះ កម្ពុជាអាចនាំចេញផ្លែស្វាយស្រស់ បានប្រមាណ១០ម៉ឺនតោនប៉ុណ្ណោះក្នុង១ឆ្នាំ ទៅកាន់ទីផ្សារចិន។ ផ្លែស្លាយភាគច្រើនដែលនាំចេញទៅប្រទេសចិនបាន គឺពូជស្វាយកែវល្មៀត ដែលប្រជាពលរដ្ឋខ្មែរចូលចិត្តដាំ និងមានទិន្នផលខ្ពស់។
លោករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា នៅប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២០ មានការដាំដុះដាំណាំស្វាយមានការកើនឡើងរហូតដល់ជាង ១៣ម៉ឺនហិកតា ដែលអាចទទួលផលពី១.៦លានតោន ដល់ ១.៧លានតោន។
គួរបញ្ជាក់ថា ផ្លែស្វាយស្រស់កម្ពុជា គឺជាផ្លែឈើស្រស់ទី២ បន្ទាប់ពីផ្លែចេកស្រស់ ដែលអាចនាំចេញ ទៅប្រទេសចិនដោយផ្ទាល់។ នេះគឺជាសមិទ្ធិផលផ្លែផ្កាថ្មីមួយទៀត ដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជា និងចិន៕SP