ភ្នំពេញ ៖យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅរយៈពេល៩ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូបាន២០៩,៨១៩តោន កើនឡើង២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។
របាយការណ៍បន្តថា ក្នុងរយៈពេល៩ខែមកនេះតម្លៃជ័រកៅស៊ូជាមធ្យមមានតម្លៃ ១,២៩២ដុល្លារក្នុង១តោន។ ដូច្នេះចំណូលបានពីការនាំចេញជ័រកៅស៊ូ ៩ខែឆ្នាំ២០២០នេះ មានជាង២៧០លានដុល្លារអាមេរិក។
អគ្គនាយកដ្ឋានកៅស៊ូ បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីផលិតផលជ័រកៅស៊ូចំនួន ៤០២,៣១៣ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រ ចំនួន២៩០,០០៧ហិកតា ស្មើនឹង៧២ភាគរយ និងផ្ទៃដីថែទាំមានចំនួន ១១២,៣០៦ហិកតាស្មើនឹង២៨ភាគរយ។
សូមបញ្ជាក់ផងដែរថា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕EB