ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា ក្នុងឆ្នាំ២០២២កន្លងទៅ ក្រសួងចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន និងចុះបញ្ជីផ្លាកលេខពិសេសរាជធានី-ខេត្ត ទទួលចំណូលបានជាង ៨៤ប៊ីលានរៀល។

នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា «នៅក្នុងឆ្នាំ២០២២ ការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនបានចំនួន ៧ ១២៥ផ្លាក ដោយបានចំណូល ៤៤ប៊ីលានរៀល និងការចុះបញ្ជីផ្លាកលេខពិសេស (លេខរាជធានី-ខេត្ត) បានចំនួន ៣១ ៧៥៦ផ្លាក និងបានចំណូលជាង ៤០ប៊ីលានរៀល»។

លោកទេសរដ្ឋមន្ដ្រី បានកត់សម្គាល់ថា ចាប់តាំងពីបើកដំណើរការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ មកដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ គណៈកម្មការអន្តរក្រសួងចុះបញ្ជីបាន ១៦ ១៣២ ផ្លាក និងទទួលបានចំណូលជាង ១១៤ប៊ីលានរៀល។

នាឱកាសនោះ លោកទេសរដ្ឋមន្ដ្រី បន្ថែមថា គិតមកទល់បច្ចុប្បន្ន ក្រសួងបានចុះបញ្ជីយានយន្តអគ្គិសនីនៅកម្ពុជាចំនួន ៧៣១គ្រឿង និងបានរៀបចំស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ៧ទីតាំង រួមមាន ៖៤នៅទីស្តីការក្រសួង, ១ នៅខេត្តសៀមរាប, ១នៅខេត្តបាត់ដំបង និង ១ទៀត នៅខេត្តព្រះសីហនុ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ