ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ រយៈពេល ៥ឆ្នាំ ដោយមានការអញ្ជើញចូលរួមពី អនុប្រធានក្រុមការងារ, អនុប្រធានអចិន្ដ្រៃយ៍ និងមាសជិក-សមាជិកា នៃក្រុមការងាររដ្ឋាភិបាលឌីជីថល ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ បានប្រសាសន៍បើកអង្គប្រជុំថា តាមគោលការណ៍របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានរៀបចំយុទ្ធសាស្ដ្ររួមមួយ ដើម្បីដំណើរការនូវការងាររដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាព័ត៌មានក្រសួងមហាផ្ទៃ។ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះ ក្រុមការងាររដ្ឋាភិបាលឌីជីថលទាំងអស់ បានខិតខំប្រឹងប្រែងធ្វើកិច្ចការងារ លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ បានល្អប្រសើរផងដែរ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីរាយការណ៍ដោយសង្ខេប ស្ដីពីដំណើរការ និងវឌ្ឍនភាពការងារ នៃការរៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃជូន ឯកឧត្តម រដ្ឋលេខាធិការប្រចាំ និងអង្គពិធីទាំងមូលថា ក្រុមការងារលេខាធិការដ្ឋាន ដែលមានតំណាងមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធ បានដំណើរការងារដែលអាទិភាព ដែលជាផែនទីបង្ហាញផ្លូវពាក់ព័ន្ធនឹងបច្ចេកវិទ្យាជូន អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ យកទៅអនុវត្តស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមកិច្ចឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហ៍កម្ម ៤.០ ក្នុងគោលបំណងយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព ដែលអាចវាស់វែងបាននូវសូចនាករ និងពេលវេលា ដើម្បីឱ្យទទួលបានជោគជ័យ ស្របតាមផែនការដែលបានដាក់ចេញ ព្រមទាំងជួយជំរុញការអភិវឌ្ឍវិស័យឌីជីថល ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃផងដែរ។ 

លោកឧត្តមសេនីយ៍ឯក បន្ដថា ដំណើរការនៃការរៀបចំកសាងសេចក្តីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ (ប.គ.ព) បានធ្វើការសិក្សាស្រាវជ្រាវឯកសារគតិយុត្តជាតិ-អន្តរជាតិ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា ជាពិសេសគោលនយោបាយពាក់ព័ន្ធបច្ចេកវិទ្យា ដែលអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានជួបប្រជុំពិភាក្សាជាមួយអ្នកជំនាញ ទីប្រឹក្សាជាតិ-អន្តរជាតិ ចាប់តាំងពីដំណាក់កាលសិក្សាស្រាវជ្រាវ រហូតដល់សម្រេបានសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ប.គ.ព ក្រសួងមហាផ្ទៃ សរុបចំនួន ១៣លើក រួមមានអ្នកជំនាញអន្តរជាតិ, បណ្តាក្រុមហ៊ុនឯកជនធំៗ, តំណាងអង្គការ JICA និងតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាដើម។ ឯកឧត្តម បញ្ជាក់ថា ផ្អែកតាមលទ្ធផលនៃកិច្ចដំណើរការការងារខាងលើ ក្រុមការងារលេខាធិការដ្ឋានសម្រេចបាននូវសេចក្តីព្រាង ផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ រយៈពេល ០៥ឆ្នាំ (២០២២-២០២៦)។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ទៀតថា ជាមួយគ្នានោះដែរ លេខាធិការដ្ឋាន បានកំណត់យកយុទ្ធសាស្រ្តគន្លឹះសំខាន់ៗ នៃសេចក្តីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ រយៈពេល ៥ឆ្នាំ (២០២២-២០២៧) ដោយផ្តោតលើយន្តការសំខាន់ៗចំនួន ៦ រួមមាន ៖ ១-យន្តការបណ្តុះបណ្តាលធនធានមនុស្ស និងការបញ្ជ្រាបចំណេះដឹង ,២-យន្តការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាក្រសួងមហាផ្ទៃ (ICT Network Infrastructure) ,៣-យន្តការសន្តិសុខ និងបទល្មើសបច្ចេកវិទ្យា (Cyber Security and Cybercrime) ,៤-យន្តការស្រាវជ្រាវ អភិវឌ្ឍបច្ចេកវិទ្យា និងនវានុវត្តន៍ (ICT Research, Development and Innovation) ,៥-យន្តការពង្រឹងគុណភាពការងារ និងសេវាសាធារណៈ (ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ) ,៦- យន្តការអភិបាលកិច្ចបច្ចេកវិទ្យា (ICT Governance)។

ជាមួយគ្នានោះដែរ  លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវពិនិត្យឱ្យបានល្អិតល្អន លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ រយៈពេល ៥ឆ្នាំ ដើម្បីអគ្គលេខាធិការដ្ឋានមានមូលដ្ឋានរៀបចំឯកសារទាំងនេះបន្តដាក់ជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ត្រឹមចុងឆ្នាំ២០២២ ដើម្បីពិនិត្យ និងសម្រេច សម្រាប់ជាផែនទីបង្ហាញផ្លូវ ក្នុងរយៈពេល៥ ចាប់ឆ្នាំ២០២៣ ទៅដល់ឆ្នាំ២០២៧ ខាងមុខនេះ។

ឆ្លៀតឱកាសនោះដែរ លោក រដ្ឋលេខាធិការប្រចាំការ ក៏បានឱ្យដឹងថា ពាក្យរដ្ឋាភិបាលឌីជីថល បានត្រូវលើកឡើងគ្រប់ទីកន្លែង ទាំងនៅក្នុងកិច្ចប្រជុំអាស៊ាននៅកម្ពុជានាពេលកន្លងទៅនេះ តាមរយៈសេចក្ដីថ្លែងការណ៍នានារបស់ថ្នាក់ដឹកនាំ។ លោក បន្ដថា ចាប់ពេលនេះតទៅការងារពាក់ព័ន្ធទៅនឹង រដ្ឋាភិបាលឌីជីថុល គឺជារបៀបរបបដឹកនាំថ្មីមួយ មិនមែនសម្រាប់តែកម្ពុជាមួយទេ ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក ហើយក៏ជាបដិវត្តន៍ថ្មីមួយ ក្នុងក្របខណ្ឌសង្គមសម័យទំនើបផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ