ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រ៊ីក  BRICS ជាប្រទេសមានសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំងប្រកបដោយសក្តានុពល មានតួនាទីកាន់តែសំខាន់មិនអាចខ្វះបានក្នុងការពង្រីក និងពង្រឹងចលនានៃសកម្មភាពសេដ្ឋកិច្ចសកលលោកឱ្យត្រលប់ទៅរកកំណើនសក្តានុពលវិញ។

ក្នុងកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រទេស «ប្រ៊ីកបូក (BRICS Plus)» ស្ដីពីការអភិវឌ្ឍសកលក្រោមមូលបទ «លើកកម្ពស់ភាពជាដៃគូអភិវឌ្ឍន៍សកល សម្រាប់យុគសម័យថ្មីដើម្បីរួមគ្នអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»  នាយប់ថ្ងៃទី២៤  ខែមិថុនា  ឆ្នាំ២០២២  សម្ដេចតេជោ  ហ៊ុន  សែន  បានរំលឹកថា  ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ ការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ បណ្តាលឱ្យមានការខាតបង់នូវវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍ ដែលសម្រេចបានក្រោមក្របខណ្ឌរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

បច្ចុប្បន្នតំបន់ និងសកលលោក បាននិងកំពុងបន្តប្រឈមកាន់តែស្រួចស្រាល់ឡើងៗ ហើយកាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ប្រមាណបាន ចំពោះការអភិវឌ្ឍ រួមមាន ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ, សង្គ្រាមយោធា, ពាណិជ្ជកម្ម និងបច្ចេកវិទ្យា, ការប្រែប្រួលអាកាសធាតុ, ការរឹតបណ្តឹងនូវគោលនយោបាយរូបិយវត្ថុ។ល។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា កត្តាទាំងនេះ បាននិងកំពុងបង្កឱ្យមានការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ចសកលលោក និងបន្ទច់បង្អាក់ចរន្តសកលភាវូបនីយកម្ម ដែលធ្វើឱ្យខ្សែច្រវាក់តម្លៃសកល និងផលិតភាពសកលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។

សម្ដេចតេជោ បានបញ្ជាក់ថា “ស្ថិតក្នុងបរិការណ៍ដែលការរីករាលនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ដ និងការខិតខំស្តារសេដ្ឋកិច្ច សកលលោកជាអាទិភាពចំពោះមុខនេះ  ប្រ៊ីក  BRICS ដែលជាមានសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំងប្រកបដោយសក្តានុពល មានតួនាទីកាន់តែសំខាន់មិនអាចខ្វះបានក្នុងការពង្រីក និងពង្រឹងចលនានៃសកម្មភាពសេដ្ឋកិច្ចសកលលោកឱ្យត្រលប់ទៅរកកំណើនសក្តានុពល ដើម្បីពន្លឿនការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។

សម្តេចតេជោ បន្ថែមថា “ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការ ប្រ៊ីកបូក (BRICS Plus) ជាកាលានុវត្តភាពមួយដ៏សំខាន់សម្រាប់ពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសផ្សេងៗក្នុងការបង្កើតវេទិកា សម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងវិស័យអាទិភាពសំខាន់ៗ ដើម្បីបង្កើតឱកាសការងារ, កាត់បន្ថយភាពក្រីក្រ ព្រមទាំងការធានាសន្តិសុខស្បៀង និងថាមពលជាដើម ក្នុងការសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ