ភ្នំពេញ ៖ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឱ្យដឹងថា ផូស៊ីលឆ្អឹងសត្វដែលត្រូវបានរកឃើញនៅកោះប៉ោ ស្ថិតនៅក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ត្រូវបានសន្និដ្ឋានថាជាឆ្អឹងសត្វដាយណូស័រ។

លោកប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានបញ្ជាក់បន្ថែមថា ៖ “យើងបានរកឃើញឆ្អឹងនេះប្រមាណមួយឆ្នាំហើយ ហើយក្រុមការងារស្រាវជ្រាវនៃក្រសួងបរិស្ថាន បានចុះមកសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងផូស៊ីលឆ្អឹងសត្វនេះផងដែរ ហើយតាមរយៈនៃការសន្និដ្ឋានជាជំហានដំបូងរបស់ក្រុមជំនាញ ផូស៊ីលនេះជាឆ្អឹងសត្វដាយណូស័រ តែយើងមិនទាន់ដឹងថាជាប្រភេទសត្វអ្វីនោះទេ?”។

លោកប្រធានមន្ទីរបរិស្ថាន ពុំបានបញ្ជាក់ថាឆ្អឹងនះមានទំហំប៉ុណ្ណានោះទេ តែលោកបានបញ្ជាក់ថាឆ្អឹងនេះមានទំហំធំ ដែលប្រហាក់ប្រហែលនឹងឆ្អឹងស្មងជើងសត្វដំរី។ ដោយឡែកក្រុមការងារស្រាវជ្រាវ នឹងបន្តចុះទៅទីតាំងនេះម្តងទៀតនៅឆាប់ៗខាងមុខនេះ។ លោកបានបន្ថែមថា ៖“យើងមិនទាន់មានគោលការណ៍ពីក្រសួងថានឹងបន្តរក្សាឆ្អឹងនេះ នៅទីតាំងដើម ឬក៏យកមករក្សាទុកនៅសារមន្ទីរ ឬនៅក្រសួងបរិស្ថាននៅឡើយទេ?”។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ លោក សាយ សំអាល់ បានបង្ហោះសារខ្លីមួយដោយបញ្ជាក់ថា ឆ្អឹងនោះគឺជាឆ្អឹងសត្វដាយណូស័រដំបូង ដែលរកឃើញនៅស្រុកខ្មែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ