ភ្នំពេញ ៖ ជនសង្ស័យក្លែងភេទជាសង្ឃ ចំនួន១៨នាក់ ត្រូវបាននគរបាលខណ្ឌកំបូលចាប់ខ្លួន ខណៈធ្វើសកម្មភាពស្លៀកពាក់គ្រងស្បង់ជីវរ ក្លែងភេទជាព្រះសង្ឃ ដើរបិណ្ឌបាត្ររៃអង្គាសប្រាក់ពីប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងចំណោមនោះ មានមួយចំនួនជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ហើយធ្វើសកម្មភាពខុសច្បាប់បង្កឱ្យប៉ះពាល់កិត្តិយសព្រះពុទ្ធសាសនា។


យោងតាមរបាយការណ៍របស់សមត្ថកិច្ច នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ជនសង្ស័យទាំង១៨នាក់ ក្នុងនោះចំនួន ១៧នាក់ ជាព្រះសង្ឃក្លែងក្លាយ និង១នាក់ ជាតៃកុងឡាន ដែលត្រូវបាននគរបាលខណ្ឌកំបូល ចាប់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១២ កក្កដា ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។


សូមបញ្ជាក់ថា យោងតាមចម្លើយសារភាពពីជនសង្ស័យ បានប្រាប់សមត្ថកិច្ចថា ពួកគេធ្វើសកម្មភាពក្លែងភេទជាព្រះសង្ឃដើរបិណ្ឌបាត្រជាយូរមកហើយ ក្រោមការចាត់ចែងរបស់មេខ្យល់មានឈ្មោះ ម៉េង ភេទ ប្រុស អាយុប្រហែល ២៥ឆ្នាំ ដោយក្នុង១ថ្ងៃពួកគេរៃអង្គាសប្រាក់បានពី៨ម៉ឺនទៅ១០ម៉ឺនរៀលក្នុង១នាក់ ក្នុងនោះមេខ្យល់ឈ្មោះ ម៉េង តម្រូវបង់ឱ្យគេក្នុង១នាក់ពី ៣ម៉ឺន ទៅ ៣ម៉ឺ៥ពាន់រៀលក្នុង១ថ្ងៃ។ ប្រាក់ដែលនៅសល់ប៉ុន្មានទៀត ពួកខ្លួនយកទៅចាត់ចែងចាយវាយដោយខ្លួនឯង។ បច្ចុប្បន្នជនសង្ស័យទាំង ១៨នាក់ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌកំបូលកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ