នាឱកាសជម្រាបលាពលរដ្ឋកម្ពុជា ! លោកឯកអគ្គរដ្ឋទូតជប៉ុន កោតសរសើរចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់ប្រជាជនខ្មែរ ទោះបីជាប្រទេសជាតិ ត្រូវបំផ្លិចបំផ្លាញដោយសារសង្គ្រាមស៊ីវិល
ភ្នំពេញ ៖ នាឱកាសជម្រាបលាពលរដ្ឋខ្មែរ ក្រោយបញ្ចប់បេសកកម្មការទូតនៅកម្ពុជានោះ លោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុន បានកោតសរសើរចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់ប្រជាជនខ្មែរ ទោះបីជាប្រទេសជាតិ ត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាមស៊ីវិល
តាមរយៈវិដេអូជាង ៤នាទី បង្ហោះក្នុងគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាពេលថ្មីៗនេះ លោក មីកាមិ ម៉ាសាហ៉ីរុ បានឱ្យដឹងថា លោកនឹងចាកចេញពីប្រទេសកម្ពុជាថ្ងៃនេះ ជាមួយនឹងការចងចាំល្អៗជាច្រើន។ លោក អរគុណសម្រាប់ការគាំទ្រការងាររបស់ខ្ញុំរយៈពេល ៣ឆ្នាំ ៤ខែនៅក្នុងប្រទេសកម្ពុជា។
លោក រៀបរាប់ថា តាំងពីចាប់ផ្តើមបេសកកម្មរបស់ខ្ញុំនៅខែកញ្ញា ឆ្នាំ២០១៩។ ទោះបីជាមានការប្រឈមនៃវិបត្តិកូវីដ-១៩ ប៉ុន្តែខ្ញុំជឿជាក់ថា ទំនាក់ទំនងជប៉ុន-កម្ពុជាបានរីកចម្រើនយ៉ាងប្រសើរ នៅគ្រប់កម្រិតចាប់ពីដំណើរទស្សនកិច្ចថ្នាក់កំពូលរហូតដល់ការផ្លាស់ប្តូរថ្នាក់មូលដ្ឋានលើគ្រប់វិស័យ។ ឆ្នាំនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ លោក គីស៊ិដា ហ្វូមិអ៊ុ និងសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាគ្នាចំនួនបួនដងនៅក្នុងប្រទេសកម្ពុជា និងប្រទេសជប៉ុន ហើយកាលពីខែមុន បានប្រកាសថា នឹងតំឡើងទំនាក់ទំនងទ្វេភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅឆ្នាំក្រោយ ដែលជាឆ្នាំខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
លោកទូត បញ្ជាក់ថា «ក្នុងនាមជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សូមកោតសរសើរចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជា ទោះបីជាប្រទេសជាតិត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាមស៊ីវិល ហើយខ្ញុំរីករាយដែលប្រទេសជប៉ុនបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាព និងការកសាងប្រទេសឡើងវិញ។ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនបាននឹងកំពុងពង្រីកមិនត្រឹមតែផ្នែកជំនួយពីប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យធុរកិច្ច និងវិស័យផ្សេងៗទៀត ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ហើយសមត្ថភាពរបស់កម្ពុជាកាន់តែប្រសើរឡើង»។
លោក មីកាមិ ម៉ាសាហ៉ីរុ បានបញ្ជាក់ថា «ខ្ញុំសូមជូនពរឱ្យប្រទេសកម្ពុជាកាន់តែមានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យបន្តទៀតឆ្ពោះទៅរកសង្គមមួយដោយមិនទុកអ្នកណាម្នាក់ចោលឡើយ ហើយគ្រប់គ្នាកាន់តែមានសុភមង្គល៕EB