ស្ទឹងត្រែង ៖ មន្ត្រីជំនាញផ្នែកជលផលខេត្តក្រចេះ បានបញ្ជាក់នៅថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២២នេះថា សត្វផ្សោតឈ្មោលមួយក្បាលមានអាយុចន្លោះពី១៥-២០ឆ្នាំ និងទម្ងន់១៦២ គីឡូក្រាម ត្រូវបានប្រជានេសាទប្រទះឃើញងាប់អណ្តែតនៅទន្លេមេគង្គលើ ទើរជាប់ជិតឆ្នេរខ្សាច់មាត់ច្រាំងទន្លេព្រំ ប្រទល់ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។

ចំពោះករណីប្រទះឃើញផ្សោតងាប់នេះ មន្ត្រីរដ្ឋបាលជលផល និងអង្គការ WWF ប្រចាំនៅខេត្តក្រចេះ សំដែងការសោកស្ដាយចំពោះការបាត់បង់សត្វផ្សោតទឹកសាបមួយក្បាលនេះដែលធ្វើឱ្យបាត់បង់សត្វផ្សោត ដ៏កម្រនេះពីទន្លេមេគង្គមួយបន្ថែមទៀត។

មន្ត្រីជលផលបានបញ្ជាក់ថា «សត្វផ្សោតដែលបានស្លាប់នេះជាសត្វផ្សោតឈ្មោលមានអាយុប្រមាណចន្លោះពី១៥-២០ឆ្នាំ មានប្រវែង២៣០សង់ទីម៉ែត្រ ទម្ងន់ ១៦២គីឡូក្រាម ហើយសាកសពសត្វផ្សោតនេះបានអណ្តែតតាមទឹកទន្លេ មកទើរនៅក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង»។

សូមបញ្ជាក់ថា សត្វផ្សោត ទន្លេមេគង្គ ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ហើយបើតាមការស្រាវជ្រាវរបស់មន្ត្រីជំនាញអង្គការ WWF បានប៉ាន់ស្មានថា សត្វផ្សោតនៅទន្លេមេគង្គលើមាន ត្រឹម ៨៩ក្បាលប៉ុណ្ណោះនៅទន្លេមេគង្គ នៃប្រទេសកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ