រដ្ឋាភិបាលចិន ផ្ដល់ជំនួយឥតសំណង ២,៥លានដុល្លារ ដល់កម្ពុជា សម្រាប់ប្រតិបត្តិការបោសសំអាតគ្រាប់មីន
ភ្នំពេញ ៖ រដ្ឋាភិបាលចិន បានផ្តល់ជំនួយឥតសំណង ចំនួន២,៥លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសសំអាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាម របស់អង្គភាពស៊ីម៉ាក់។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឃមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានថ្លែងថា «សូមអបអរសាទរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលបានសម្រេចផ្តល់ជំនួយឥតសំណង ចំនួន២,៥លានដុល្លារ (ពីរលាន៥សែនដុល្លារអាមេរិក) ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសសំអាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាម របស់អង្គភាពស៊ីម៉ាក់ សម្រាប់រយៈពេល ១២ខែ ឆ្នាំ២០២២»។
លោក បន្ដថា ចិនបានសម្រេចផ្តល់ជំនួយឥតសំណងមានទឹកប្រាក់សរុប ចំនួន២,៥០០,០០០ ដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម របស់អង្គភាពស៊ីម៉ាក់ ស្ថិតនៅកងឯកភាពកំចាត់មីនទី៦ ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង និងកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប និងខេត្តកំពង់ធំ ដែលមានកម្លាំងប្រតិបត្តិការសរុបចំនួនជិត៣០០នាក់។
សូមជម្រាបថា គម្រោងនេះមានរយៈពេល១២ខែ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ និងមានផែនការត្រូវរំដោះផ្ទៃដីចំការមីន និងចំការសំណល់ជាតិផ្ទុះពីសង្គ្រាម ជាង១៧០០ហិចតា និងសកម្មភាពអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនចំនួន៧ខេត្ត៕EB