ក្រសួងបរិស្ថាន អំពាវនាវដល់ភ្ញៀវទេសចរ ចូលរួមថែរក្សាជីវៈចម្រុះនានា និងកុំបេះប្រភេទផ្ការុក្ខជាតិព្រៃ ដើម្បីរក្សាពូជឱ្យគង់វង្ស
ភ្នំពេញ ៖ ក្រសួងបរិស្ថាន អំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាជីវៈចម្រុះនានា និងកុំបេះប្រភេទផ្ការុក្ខជាតិព្រៃ ដែលកំពុងរងគ្រោះ ដើម្បីរក្សាពូជឱ្យគង់វង្ស និងថែរក្សាសោភ័ណភាពរមណីយដ្ឋាន។
ការលើកឡើងរបស់ ក្រសួងបរិស្ថាន ក្រោយពីពីសង្កេតឃើញថា នៅមានភ្ញៀវទេសចរមួយចំនួនតូច មិនទាន់បានគោរពត្រឹមត្រូវនូវវិធានអនាម័យបរិស្ថាន និងពេលខ្លះ បានបេះផ្កាមួយចំនួន ដូចជា ប្រភេទផ្កាបំពង់ក្រឡោមជាដើម ដែលជាប្រភេទរុក្ខជាតិ ដែលកំពុងរងគ្រោះបាត់បង់ពូជ ដើម្បីថតរូបបង្ហាញពី សេចក្តីស្រឡាញ់របស់ខ្លួន។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងថា ប្រសិនបើស្រឡាញ់ និងសរសើរថា រុក្ខជាតិទាំងនេះស្អាត គួរថែរក្សាវានៅលើដើម ដើម្បីទុកឲ្យភ្ញៀវទេសចរផ្សេងទៀតបានឃើញសម្រាប់ដ៏ស្អាតនៃជីវៈចម្រុះទាំងនេះផង។
លោក បញ្ជាក់ថា «អំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាអនាម័យបរិស្ថានដោយវេចខ្ចប់ និងទុកដាក់សំណល់រឹងសំរាម ឲ្យបានត្រឹមត្រូវ និងជាពិសេស ចូលរួមថែរក្សាជីវៈចម្រុះនានា ជាពិសេស គួរកុំបេះប្រភេទផ្ការុក្ខជាតិព្រៃដែលកំពុង រងគ្រោះជិតផុតពូជ ដើម្បីរក្សាពូជនិងសោភ័ណភាពរមណីយដ្ឋានឱ្យបានស្អាតសម្រាប់ ការទស្សនាកម្សាន្តរបស់ ភ្ញៀវទេសចរដទៃទៀតដែល ចូលចិត្តនិងស្រឡាញ់ធម្មជាតិ»។
លោក បន្ដថា នៅលើពិភពលោក ផ្កាបំពង់ក្រឡោមនេះមានដល់ទៅ ១២៩ ប្រភេទ ក្នុងនោះ មានប្រាំប្រភេទបាននិងកំពុងដុះលូតលាស់នៅប្រទេសកម្ពុជា រួមមាន៖ ទី១-Nepenthes bokorensis ជាប្រភេទដែលមានវត្តមាននៅតំបន់ភ្នំពពកវិល វាលស្រែ៥០០ វាលស្រែ១០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ,ទី២- Nepenthes holdenii មានដុះនៅតាមតំបន់ភ្នំនៃភាគនិរតីប្រទេសកម្ពុជា ដូចជានៅតាមតំបន់ជួរភ្នំក្រវាញជាដើម ,ទី៣- Nepenthes kampotiana Lecomte មានដុះនៅក្នុងខេត្តកំពត ដែនជម្រកសត្វព្រៃភ្នំសំកុស និងនៅតាមតំបន់ជួរភ្នំក្រវាញ ,ទី៤- Nepenthes mirabilis (Loureiro) Druce មានដុះនៅខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ និងទី៥- Nepenthes smilesii Hemsley មាននៅដុះខេត្តកំពត និងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» នៃខេត្តកំពង់ស្ពឺ៕EB