ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ទោះបីមានការរីកចម្រើ នផ្នែកបច្ចេកវិទ្យាព័ត៌មានក៏ដោយ ក្រុមឧក្រឹដ្ឋជន ឆ្លៀតឱកាសទាញយកផលប្រយោជន៍ដោយខុសច្បាប់ ហើយបង្កើតការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ដែលជាទម្រង់ថ្មីកំពុងបង្កហានិភ័យខ្ពស់ដល់កុមារ លើពិភពលោក រួមទាំង កម្ពុជា ផងដែរ។

ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវិដេអូសន្និសីទ សម្ដេច ស ខេង បានថ្លែងថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមក្នុងបដិវត្តឧស្សហកម្ម ៤ចុច០ ដោយផ្តោតជាពិសេស លើវិស័យបច្ចេកវិទ្យា ដែលពិភពលោកកំពុងប្រើប្រាស់ជាមធ្យោបាយសម្រាប់វិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច យ៉ាងមានប្រសិទ្ធភាព។

សម្ដេច មានប្រសាសន៍ថា «ទោះបីជាយ៉ាងនេះក្តី ការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន ក៏មានជ្រុង អវិជ្ជមានមួយចំនួន ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ខុសគោលដៅ និងដោយមានការជ្រៀតចូល ពីក្រុមឧក្រឹដ្ឋជន ឆ្លៀត ឱកាសទាញយកផលប្រយោជន៍ដោយខុសច្បាប់ និងប្រាសចាកពីគន្លងសីលធម៌ និងការអភិវឌ្ឍន៍ ដោយបង្កើតឱ្យមាន ការកេងប្រវ័ញ្ច និងឧក្រឹដ្ឋកម្មគ្រប់រូបភាព រួមទាំងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដែលជាទម្រង់ថ្មី មួយកំពុងរាលដាល និងបង្កហានិភ័យខ្ពស់ដល់កុមារនៅលើពិភពលោក រួមទាំងកម្ពុជា ផងដែរ»។

សម្ដេច បញ្ជាក់ថា ដោយមើលឃើញនូវបញ្ហាប្រឈម និងផលប៉ះពាល់ជាអវិជ្ជមានធ្ងន់ធ្ងរបែបនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលជារដ្ឋភាគីហត្ថលេខីនៃសេចក្តីថ្លែងការណ៍សកម្មភាពសកល (WePROTECT) ដែលបានចុះហត្ថលេខានៅឯកិច្ចប្រជុំកំពូលជាសកលនៅទីក្រុងអាប៊ុយដាប៊ី កាលពីឆ្នាំ២០១៥ ដែលមានក្រសួងមហាផ្ទៃជាតួអង្គសម្របសម្រួល។

ជាងនេះទៅទៀត សម្ដេច ស ខេង លើកឡើងថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន បានជំរុញដល់ការរីកលូតលាស់ ការងារ នយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ដែលធ្វើឱ្យកម្ពុជាមានទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកថែមទៀតផង។ ស្របពេលនឹងវិបត្តិកូវីដ-១៩ កំពុងរាតត្បាតទូទាំងពិភពលោក ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន រឹតតែមានសារសំខាន់ ក្នុងការប្រាស្រ័យទាក់ទង និងដោះស្រាយគ្រប់បញ្ហា រួមទាំង ការសិក្សាអប់រំរបស់កុមារ និងយុវជន យុវនារី ទាំងនៅទីក្រុង ទាំងជនបទ ដែលធ្វើឲ្យវិស័យបច្ចេកវិទ្យាព័ត៌មាននេះ រឹតតែទទួលបាននូវការពេញនិយមសម្រាប់ ទំនាក់ទំនង និងអភិវឌ្ឍន៍គ្រប់វិស័យ។ 

សម្ដេច បន្ថែមថា សកលភាវូបនីយកម្មនៃបច្ចេកវិទ្យា និងពត៌មាន គឺជាមធ្យោបាយដ៏ស័ក្តិសិទ្ធមួយ ដែលធ្វើឲ្យប្រទេសជាតិទាំងឡាយ និងប្រជាជននៅលើពិភពលោកបានខិតជិតគ្នា និងអាចទំនាក់ទំនងសហការគ្នាយ៉ាង ល្អប្រសើរ៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ