ក្រុមការងារជំនាញ កំពុងពន្លឿនរៀបចំនីតិវិធីដកពិន្ទុលើបណ្ណបើកបរ តាមរយៈទូរស័ព្ទដៃ និងដាក់ឲ្យប្រើប្រាស់ ឆ្នាំ២០២២
ភ្នំពេញ ៖ ក្រុមការងារជំនាញ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហា ផ្ទៃ បាននឹងកំពុងពន្លឿនការរៀបចំនីតិវិធី អនុវត្តការដកពិន្ទុលើបណ្ណបើកបរ តាមរយៈកម្មវិធីទូរស័ព្ទដៃស្មាតហ្វូនដើម្បី ពង្រឹងការអនុវត្តច្បាប់ចររាចរណ៍ផ្លូវគោក នៅកម្ពុជា។
កាលពីថ្ងៃទី១៤ កក្កដា តាមប្រព័ន្ធវីដេអូ Zoom លោក ឈួន វ៉ន់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណ ការ និងដឹកជញ្ជូន និងនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីវឌ្ឍនភាពការងារ នៃការរៀបចំកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក។
បច្ចុប្បន្ន ក្រុមការងារជំនាញ នៃក្រសួងសាធារណការ និងអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងរៀបចំឯកសារពាក់ព័ន្ធ និងតភ្ជាប់ប្រព័ន្ធដើម្បីឲ្យកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោកឲ្យរួចរាល់ មុននឹងរាយការណ៍ជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅចុងខែកក្កដា ឆ្នាំ២០២១ និងទិសដៅប្រើប្រាស់ផ្លូវការ នៅដើមឆ្នាំ២០២២។
កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក អាចចាប់យករូបភាពយានយន្ត ដែលបើកបរល្មើសនឹងច្បាប់ ដោយការស្កេនលើបណ្ណបើកបរដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ ទៅតាមស្ថាននៃបទល្មើស ដូចជា ៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម។
សូមជម្រាបថា យោងតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកបានកំណត់ឲ្យគ្រប់បណ្ណបើកបរត្រូវមាន ពិន្ទុសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយទៅតាមស្ថាន នៃការប្រព្រឹត្តបទល្មើសចរាចរណ៍ ចាប់ពី១ពិន្ទុ ដល់៦ពិន្ទុ ហើយក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ បើអ្នកបើកបរចង់ បានបណ្ណ បើកបរថ្មី ត្រូវរៀននិងប្រឡងយកបណ្ណបើកបរឡើងវិញ ក្នុងរយៈពេលយ៉ាងតិច ៦ខែ គិតចាប់ ពីថ្ងៃដែល បណ្ណបើកបរត្រូវទុកជាមោឃៈ៕EB