ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឲ្យដឹងថា ក្រោយមានការជួបប្រជុំកាលពីម្សិលមិញ នៅផ្ទះសម្ដេចផ្ទាល់ បានសម្រេចរួចរាល់ហើយ នូវបញ្ជីគណៈរដ្ឋមន្ត្រីថ្មី បំរ៉ុងទុកសម្រាប់ក្មេងជំនាន់ក្រោយ ។
ក្នុងឱកាស អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៩ ធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ផ្ដាំទៅពួកប្រឆាំងថា គណៈរដ្ឋមន្ត្រីថ្មីមួយ ត្រូវបានរៀបចំត្រៀមរួចហើយ សម្រាប់ពួកក្មេងជំនាន់ក្រោយ ហើយបើពិនិត្យក្នុងគណៈរដ្ឋមន្ត្រីថ្មីនេះ មានថ្នាក់បណ្ឌិតជិតពាក់កណ្ដាល ក្រៅពីនោះអនុបណ្ឌិត ហើយសាកល្បងមើលទៅ ជាមួយធនធានមនុស្ស របស់គណបក្សប្រជាជន អាយុជាស្តង់ដារក្រោម ៦០ឆ្នាំ ។
សម្ដេចតេជោ បញ្ជាក់ថា «ម្សិលមិញប្រជុំនៅផ្ទះខ្ញុំ រួចស្រេចបាត់ហើយ មានខ្ញុំ ខេង ឈុំ បាញ់ ម៉ែន សំអន សម្រេចបញ្ជីគណៈរដ្ឋមន្ត្រីបំរ៉ុងរួចបាត់ ។ ប៉ុន្តែមិនមែនឆ្នាំ២០២៣ទេ ព្រោះឆ្នាំ២០២៣ ខ្ញុំនៅជាបេក្ខជន តែពេលណាមួយចាំមើល សភាពការជាក់ស្ដែង ហើយមាននិរន្តរភាព ក្រុមហ៊ុននានាកុំបារម្ភ កសាងព្រលានយន្តហោះគិតតែកសាងទៅ ព្រោះវាច្បាស់ណាស់ហើយ អស់ពីឳគឺកូនធ្វើ វាទៅណាមិនឆ្ងាយទេ» ៕EB