ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា មេដឹកនាំអាស៊ី-អឺរ៉ុប ភាគច្រើនប្ដេជ្ញាចិត្តអភិវឌ្ឍន៍បៃតង និងកម្រិតកាបូនទាប ដើម្បីរក្សាកម្រិតការកើនឡើងកម្ដៅផែនដីមិនឲ្យលើសពី១.៥ អង្សាសេ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីអាកាសធាតុ។

ក្នុងពិធីបិទកិច្ចប្រជុំពេញអង្គ លើកទី១ នៃកិច្ចប្រជុំ អាស៊ី-អឺរ៉ុប លើកទី១៣ (ASEAM-13) នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវសុទិដ្ឋិនិយមថា លទ្ធផលដែលកើតចេញពីកិច្ចប្រជុំនាម្សិលមិញនេះ គឺជាធាតុចូលដ៏មានតម្លៃប្រកបដោយបញ្ញាញាណសម្រាប់ចូលរួមចំណែកដល់ការលើកកម្ពស់ពហុភាគីនិយម និងដំណើរការ ASEM។

សម្ដេចតេជោ បានរំលេចនូវសារសំខាន់ៗ ដូចជា ៖ មេដឹកនាំអាស៊ី-អឺរ៉ុប សម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើនរបស់ ASEM ដែលទទួលបានកន្លងមក ហើយក៏បានប្ដេជ្ញាចិត្តលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់ ASEM ក្នុងការជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកល ដែលកាន់តែត្រូវការ ដើម្បីដោះស្រាយបញ្ហាប្រឈមរួម។

សម្ដេចតេជោ បានបន្ដថា អង្គប្រជុំក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង ចំពោះពហុភាគីនិយមដែលជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលសុខសកល។ សម្ដេច ថា មេដឹកនាំអាស៊ី-អឺរ៉ុប បានលើកឡើងអំពីបញ្ហាប្រឈមដែលមិនធ្លាប់កើតមានឡើងពីមុនមកដោយបណ្ដាលមកពីជំងឺកូវីដ-១៩ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងវិបត្តិសេដ្ឋកិច្ចសង្គម។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ មេដឹកនាំអាស៊ី-អឺរ៉ុប បានឯកភាពគ្នាថា សាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជំរុញវ៉ាក់សាំងពហុភាគីនិយមគឺជាកូនសោរគន្លឹះ។ ដូច្នេះការការពារសុខភាព និងសន្តិសុខរបស់ប្រជាជនក៏ដូចជាការលើកកម្ពស់សាមគ្គីភាពរវាងរដ្ឋ និងរដ្ឋគួរតែជាអាទិភាពរបស់ អាស៊ី-អឺរ៉ុប។

សម្ដេចតេជោ បានបន្ថែមថា ការស្ដារសេដ្ឋកិច្ចក្រោយកូវីដ-១៩ គឺជាអាទិភាពរួមរបស់មេដឹកនាំអាស៊ី-អឺរ៉ុប ទាំងអស់គ្នា ក្នុងន័យនេះ បានសំដែងនូវការគាំទ្រចំពោះការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ផ្អែកលើវិធានច្បាប់ និងប្ដេជ្ញាការពារខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដោយរលូន និងគ្មានការរាំងស្ទះ ដូចជាការជំរុញនូវឌីជីថលូបយនីកម្ម និងពិនិត្យមើលលទ្ធភាពនៃការបើកឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ។

សម្ដេចតេជោ បានបញ្ជាក់ថា «យើងភាគច្រើនបានប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍បៃតង និងកម្រិតកាបូនទាបដើម្បីរក្សាកម្រិតការកើនឡើងកម្ដៅផែនដីមិនឲ្យលើសពី១.៥ អង្សាសេ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ។ ក្នុងន័យនេះ ការផ្ដល់ជំនួយបច្ចេកទេសនិងហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវជាអាទិភាពមួយ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ