ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យប្រើប្រាស់ទីលានប្រជាធិបតេយ្យ ដើម្បីធ្វើការជួបជុំសម្តែងមតិក្រោមប្រធានបទ សន្និបាតមហាជន
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងតំណាងប្រជាជនមូលដ្ឋាន ប្រើប្រាស់ទីលានប្រជាធិបតេយ្យ ដើម្បីធ្វើការជួបជុំសម្តែងមតិក្រោមប្រធានបទ “សន្និបាតមហាជន” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង០៧:០០ រហូតដល់ម៉ោង១៦:៣០ ដែលមានអ្នកចូលរួមប្រមាណ៩០០នាក់ ដោយមិនអនុញ្ញាតឱ្យមានជនបរទេសចូលរួមសម្ដែងមតិនេះឡើយ។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២ វិចិ្ឆកា បានឱ្យដឹងថា ទន្ទឹមនេះ ការដាក់ញត្តិជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវធ្វើតាមរយៈមន្ត្រីតំណាងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្របសម្រួលបញ្ជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានជម្រាបទៅតំណាងសមាគម អង្គការ មិនមែនរដ្ឋាភិបាល ថា ចំពោះសំណើសុំជួបជុំសម្តែងមតិក្រោមប្រធានបទ “សន្និបាតមហាជន” ដោយមានអ្នកចូលរួមប្រមាណ៩០០នាក់ និងការដាក់ញត្តិតាមរយៈមន្ត្រីតំណាងរដ្ឋបាលរាជធានីភ្នំពេញទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៧:០០ ដល់ម៉ោង ១៦:៣០ នៅទីលានប្រជាធិបតេយ្យ នោះ រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតជូនតាមសំណើ។
ដើម្បីឱ្យដំណើរការរៀបចំសម្តែងមតិខាងលើប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ លោក លោកស្រីត្រូវសហការឱ្យបានល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងត្រូវអនុវត្តតាមស្មារតីអង្គប្រជុំដែលបានឯកភាពកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាននានា៕