ក្រុមកីឡាករ កីឡាការិនីសមាគមកីឡាទាញព្រ័ត្រខេត្តបាត់ដំបង បានគ្រងម្ចាស់ជើងឯកលើវិញ្ញាសា ៤នាក់ទល់៤នាក់ ទាំងបុរស និងនារី ក្នុងការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នំា២០២០ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដែលបានបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ការប្រកួតឆ្នាំ២០២០នេះ សហព័ន្ធបានរៀបចំការប្រកួតត្រឹមតែពីរវិញ្ញាសានេះទេ ដោយសារការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ហើយជាការកត់សម្គាល់ឃើញថា សមាគមកីឡាទាញព្រ័ត្រខេត្តបាត់ដំបងដណ្តើមបានចំណាត់ថ្នាក់លេខ១ដូចៗគ្នា។

 ចំពោះចំណាត់ ថ្នាក់លេខ២ លើវិញ្ញាសាបុរស ៤នាក់ទល់៤នាក់ បានទៅលើក្រសួងមហាផ្ទៃ លេខ៣ ខេត្តកំពត និងលេខ៤ ខេត្តព្រះវិហារ ខណៈវិញ្ញាសា ៤នាក់ទល់៤នាក់នារី លេខ២ ខេត្តស្វាយរៀង លេខ៣ ខេត្តកំពត និងលេខ៤ ខេត្តកណ្តាល។

លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានលើកឡើង នៅក្នុងឱកាសបិទការប្រកួតជាផ្លូវការនេះថា ជាការពិតណាស់ ការប្រកួតកីឡាទាញព្រ័ត្រជើងឯកថ្នាក់ជាតិ រយៈពេល៣ថ្ងៃនេះ គឺជាការផ្តល់ឱកាសដល់កីឡាករ កីឡាការិនីបញ្ចេញទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទស ដែលកីលាករ កីឡាការិនីម្នាក់បានហ្វឹកហាត់កន្លងមក។ លទ្ធផលរបស់កីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភី នាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ ប្រកបដោយការតស៊ូព្យាយាម ការគោរពវិន័យបានល្អ យកចិត្ត ទុកដាក់ តាមបទបញ្ជាបច្ចេកទេស នៅក្នុងការប្រកួតផងដែរ។

ជាមួយគ្នានោះ ដើម្បីឱ្យកីឡាទាញព្រ័ត្រនៅព្រះរាជាណាចក្រកម្ពុជាកាន់តែមានការរីកចម្រើនទាំងបរិមាណនិងគុណភាព សម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ឲ្យទទួលបានលទ្ធផលល្អនោះ ឯកឧត្តម មាស សារិន បានផ្តល់អនុសាសន៍សំខាន់ៗដូចជា បណ្តុះបណ្តាលថ្នាក់ថ្នាល បង្កើនបរិមាណកីឡាករ កីឡាការិនី ក្លឹបសមាគមកីឡាទាញព្រ័ត្រឱ្យបានទូលំទូលាយ។ យកចិត្តទុកដាក់រៀបចំ និងជំរុញការបណ្តុះបណ្តាលកីឡាករ កីឡាការិនីថ្នាល ដើម្បីលើកកម្ពស់សមត្ថភាព។ ពង្រឹងសមត្ថភាអាជ្ញាកណ្តាលចៅក្រមឲ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណព។

ជំរុញឱ្យមានការរៀបចំការប្រកួតឱ្យបានច្រើង ការហ្វឹកហាត់ជាប្រចាំនៅតាមបណ្តាក្លិប សមាគម។ ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងសហព័ន្ធ ក្លិប សមាគមទូទាំងប្រទេស និងបន្តប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើនក្នុងមួយឆ្នាំតាមដែលអាចធ្វើបាន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ