ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គ្រប់នាវាចរមានគោលបំណងចូលកំពង់ផែនៅកម្ពុជា តម្រូវឱ្យដាក់សំណុំឯកសារតាមសារអេឡិចត្រូនិក ដែលភាសាបច្ចេកទេសហៅថា អ៊ីម៉េល ចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០តទៅ។

ក្រសួងជំនាញនេះ បានបញ្ជាក់ថា ម្ចាស់នាវា ឬតំណាងម្ចាស់នាវាទាំងអស់ អាចផ្ញើរាល់សំណុំឯកសារទៅកាន់អគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ តាមរយៈអ៊ីម៉េលentrypermit.mmd@gmail.com (តាមរយៈអ៊ីម៉េលentrypermit.mmd@gmail.com) និងធ្វើការទូទាត់កម្រៃសេវាសាធារណៈរបស់លិខិតអនុញ្ញាតឱ្យនាវាចូលនៅតាមកំពង់ផែ តាមរយៈប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារឯកទេសវីង ឱ្យបាន២៤ម៉ោងមុននាវាចូល។

សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៤ ខែកក្កដានេះ បានបន្តថា ទម្រង់លិខិតអនុញ្ញាតឱ្យនាវាចូលតាមកំពង់ផែ ត្រូវបានផ្លាស់ប្តូរពីការចុះហត្ថលេខា និងបោះត្រា ទៅជាការប្រើ ប្រាស់ QR Code ជំនួសវិញ។

សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីផ្តល់លិខិតអនុញ្ញាតឱ្យនាវាអាចចូលចតតាមកំពង់ផែ នៅក្នុងប្រទេសកម្ពុជា សំដៅធានានូវតម្លាភាព ប្រសិទ្ធភាព ចំណេញពេលវេលា និងភាពជឿជាក់ដល់វិនិយោគិន ព្រមទាំងកាត់បន្ថយនីតិវិធីស្មុគស្មាញ ដែលធ្វើឱ្យយឺតយ៉ាវ ក្នុងការចូលចតនាវាក៏ដូចជា ឆ្លើយតបនឹងស្ថានការណ៍ នៃការរីករាលដាលនៃជំងឺកូវីដ-១៩៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ