ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងអនុវត្តច្បាប់ទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការអត់ធ្មត់ ដោយប្រកាន់ខ្ជាប់នូវវិន័យ អាកប្បកិរិយាថ្លៃថ្នូរម៉ឺងម៉ាត់ ជាពិសេស ត្រូវចៀសវាងការប្រើប្រាស់អំពើហិង្សា ក្នុងការដោះស្រាយបញ្ហា នៅពេលអនុវត្តរាល់បទបញ្ជា ឬវិធានការនានារបស់រាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោម ស ខេង ក្រើនរំលឹកបែបនេះ ក្រោយពីមានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បានកាន់រំពាត់ដើរគំរាមប្រជាពលរដ្ឋ ដែលដើរចេញក្រៅផ្ទះ ក្នុងពេលរាជរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ក្នុងសារលិខិតរបស់ សម្ដេចក្រឡាហោម នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការការកោតសរសើរយ៉ាងស្មោះស្ម័ គ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុង ចាត់តាំងអនុវត្តយ៉ាងសកម្មផុលផុសនូវគោលការណ៍នានារបស់រាជរដ្ឋាភិបាលប្រកបដោយការប្ដេជ្ញាចិត្ត និងស្មារតីទទួល ខុសត្រូវខ្ពស់ ក្នុងភារកិច្ចបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមមូលដ្ឋាននានាក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «សូមក្រើនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងអនុវត្តច្បាប់ទាំងអស់ សូមបន្ដយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការអត់ធ្មត់ ដោយប្រកាន់ខ្ជាប់នូវវិន័យ អាកប្បកិរិយាថ្លៃថ្នូរម៉ឺងម៉ា ត់ និងត្រូវគោរពគោលការណ៍នៃក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងឲ្យបានជាដាច់ខាត ជាពិសេស ត្រូវចៀសវាងការប្រើ ប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហា នៅពេលអនុវត្តរាល់បទបញជា ឬវិធានការនានារបស់រាជរដ្ឋាភិបាល»។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានយល់ច្បាស់អំពីការលំបាក ផលប៉ះពាល់ និងបញ្ហា ប្រឈមផ្សេងៗ ដែលអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំង កម្លាំងអនុវត្តច្បាប់ទាំងអស់ កំពុងជួបប្រទះនៅក្នុងស្ថានភាពបច្ចុ ប្បន្ន។ ក៏ប៉ុន្ដែទោះបីយ៉ាងណា សម្ដេចក្រឡាហោម សូមជំរុញទឹកចិត្តឲ្យអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ បន្តរក្សា និងប្រកាន់ ខ្ជាប់នូវការអត់ធ្មត់ខ្ពស់ ដើម្បីទទួលបានការគាំទ្រ និងការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការបំពេញបេសកកម្ម ដ៏មានសារៈសំខាន់លើសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឲ្យទទួលបានជោគជ័យ ។ 

ទន្ទឹមនេះ សម្ដេចក្រឡាហោម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាសហការអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ដើម្បី បុព្វហេតុរួម នៃការកាត់ផ្តាច់ និងឈានទៅបញ្ចប់ការឆ្លងរាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ សំដៅនាំ ស្ថានការណ៍និងគ្រប់សកម្មភាពរបស់សង្គម វិលមករកប្រក្រតីភាពឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ