ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បញ្ជាក់ថា មានបុរសជនជាតិចិនអាយុ ៤២ឆ្នាំ ដែលរស់នៅ Appartment PRINCE TOWER សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ កាលពីម៉ោង ១០យប់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៥ មេសានេះ បានឲ្យដឹងបន្តថា អ្នកជំងឺខាងលើត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នេះផងដែរ ដោយស្ថានភាពអ្នកជំងឺ មានសភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកពេទ្យដំបូង តម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីន ជំនួយដង្ហើមតាំងពីថ្ងៃចូលសម្រាកពេទ្យដំបូង តែទោះបីជាក្រុមគ្រូពេទ្យបានខិតខំ ជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស យ៉ាងណាក៍ដោយក៍មិនអាចជួយអ្នក ជំងឺបាន ហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្តាលឱ្យអ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី៤ ខែ មេសា ឆ្នាំ២០២១ វេលាម៉ោង ២២:០០នាទី ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិចិនអាយុ ៤២ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិត ដោយសារខ្សោយ សួតធ្ងន់ធ្ងរ និងរលាកសួតសងខាងដោយសារជំងឺកូវីដ-១៩។ដោយឡែក នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ក៏បានចេញសេចក្ដីប្រកាសព័ត៌មានថា កម្ពុជាមានជាសះស្បើយពីជំងឺកូវីដ១៩ថ្មី ចំនួន៩៤នាក់ និងមានអ្នកមានឆ្លងថ្មី ៦៣នាក់ កាលពីថ្ងៃទី៤ មេសា។សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃ៥ មេសា កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៧៥២នាក់ អ្នកជាសះស្បើយចំនួន១៧៤៧នាក់ អ្នកកំពុងព្យាបាល ចំនួន៩៧៩នាក់ និងអ្នកស្លាប់ចំនួន២១ នាក់ ៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ