ក្រសួងយុត្តិធម៌ កំពុងសិក្សាដើម្បីជួយដល់ស្ត្រីខ្មែរមួយរូប ដែលត្រូវតុលាការវៀតណាមកាត់ទោស ប្រហារជីវិត ពីបទរត់ពន្ធគ្រឿងញៀន
ភ្នំពេញ ៖ លោក ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា ក្រសួងកំពុងតែសិក្សានូវជម្រើសពីរ គឺជំនួយផ្នែកច្បាប់ផ្នែកពីក្រសួងយុត្តិធម៌ ដើម្បីប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់តុលាការថ្នាក់ដំបូងរបស់ប្រទេសវៀតណាម ទៅតុលាការថ្នាក់ឧទ្ធរណ៍បន្តទៀត និងជម្រើសនៃការធ្វើបត្យាប័ន ឬផ្ទេរអ្នកទោស បន្ទាប់ពីមានការកាត់ទោសប្រហារជីវិតស្ត្រីជនជាតិខ្មែរម្នាក់ ពីបទរត់ពន្ធគ្រឿងញៀនប្រមាណជិត៥គីឡូក្រាម ចូលទៅប្រទេសវៀតណាម។
អ្នកនាំពាក្យ បានគូសបញ្ជាក់ថា «ក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា បានតាមដានករណីនេះ យ៉ាងយកចិត្តទុកដាក់បំផុត ហើយករណីនេះ គឺពុំទាន់បញ្ចប់ត្រឹមនេះនៅឡើយទេ ហើយក្រសួងបា ននិងកំពុងសិក្សាជម្រើសជំនួយផ្លូវច្បាប់ដល់ស្ត្រីរូបនេះ ក្នុងនោះគឺជម្រើសនៃជំនួយផ្លូវច្បាប់ដើម្បីប្តឹងទាស់ទៅតុលាការថ្នាក់ឧទ្ធរណ៍វៀតណាមបន្តទៀត និងជម្រើសមួយទៀត គឺអាចនឹងប្រើយន្តការផ្នែកច្បាប់ ដែលមានស្រាប់ រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម តាមរយៈកិច្ចព្រមព្រៀងធ្វើបត្យាប័នអ្នកទោស និងផ្ទេរអ្នកទោស។ ខ្ញុំសូមជម្រាបជូនថា ករណីស្ត្រីជនជាតិខ្មែររូបនេះ គឺប្រហែលជាស្ថិតក្នុងយន្តការច្បាប់នៃការផ្ទេរអ្នកទោស»។
សូមរំលឹកថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ស្ត្រីកម្ពុជាម្នាក់ ដែលមានឈ្មោះថា មៀច ស្រីនាង អាយុ២៧ឆ្នាំ ត្រូវបានតុលាការខេត្តតៃនិញ នៃប្រទេសវៀតណាម កាត់ទោសប្រហារជីវិតពីបទជួញដូរគ្រឿងញៀនឆ្លងដែនចូលប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។ សូមបញ្ជាក់ថា គ្រឿងញៀនទាំងអស់នោះមានចំនួន៥កញ្ចប់ និងមានទម្ងន់ ៤,៩៤៣ក្រាម៕EB