ភ្នំពេញ ៖ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានអំពាវនាវដល់ រាជរដ្ឋាភិបាល និងតុលាការកម្ពុជា ដោះលែងលោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដើម្បីរួមចំណែកលើកកម្ពស់សិទ្ធមនុស្សឡើងវិញ សិទ្ធិបញ្ចេញមតិ សិទ្ធិជួបប្រជុំជាសាធារណៈរបស់ពលរដ្ឋ និងសហជីពកម្មករ ព្រមទាំងរួបរួមគ្នាការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីខ្មែរ ស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជា។

យោងតាមសេចក្ដីថ្លែងការណ៍របស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះអាជ្ញាធររដ្ឋាភិបាលកម្ពុជា ចាប់ខ្លួនលោក រ៉ុង ឈុន ក្រោមបទចោទប្រកាន់អំពី «ការបំភ្លៃការពិតលើបញ្ហាព្រំដែន ជាបទល្មើសជាក់ស្ដែង តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ»។

សូមជម្រាបថា លោក រ៉ុង ឈុន ប្រធានក្រុមប្រឹក្សាឃ្លាំកម្ពុជា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅយប់ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធបទល្មើសជាក់ស្តែង ញុះញងឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ជុំវិញបញ្ហាព្រំដែនកម្ពុជា បន្ទាប់គណៈកម្មាធិការព្រំដែនចេញសេចក្តីថ្លែងការណ៍ តបទៅនឹងលោក រ៉ុង ឈុន។

លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ ទូរទស្សន៍ជាតិកម្ពុជា (ទទក) ថា លោក រ៉ុង ឈុន ប្រព្រឹត្តបទល្មើសញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ លោកព្រះរាជអាជ្ញារង អះអាងថា បទល្មើសរបស់លោក រ៉ុង ឈុន គឺជាបទល្មើសជាក់ស្តែង។ បើតាមលោកព្រះរាជអាជ្ញារងដដែល លោក រ៉ុង ឈុន ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ