ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានច្រានចោល ចំពោះការចេញផ្សាយរបាយ ការណ៍របស់ក្រុមអង្គការ សង្គមស៊ីវិលចំនួន ៣ពាក់ព័ន្ធ នឹងសិទ្ធិមនុស្សថា គៗមានភាពមិនច្បាស់លាស់ មិនគ្រប់ជ្រុងជ្រោយ ហើយមិនអាច យកជាការបាន នោះទេ ។

ការលើកឡើងនេះ បន្ទាប់ពីអង្គការចំនួន៣គឺមជ្ឈ មណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាព(អេស.ស៊ី)បានចេញរបាយការណ៍ រួមគ្នាពីការឃ្លាំមើលសេរីភាព នៅមូលដ្ឋានកាលពីពេលថ្មីៗកន្លងមកនេះថា មានការរឹតត្បិត។

លោក ជិន ម៉ាលីន បានឲ្យដឹងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ថា បើផ្អែកលើទស្សនទាន នៃសិទ្ធិមនុស្ស និងវិធីសាស្រ្ត នៃការស្រាវជ្រាវដែលមានលក្ខណៈ ជាវិទ្យាសាស្រ្តគឺការចេញ របាយការណ៍របស់អង្គការទាំង៣នេះ មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លុះបញ្ចាំង ពីការពិតជាក់ស្តែងទាំងស្រុងនោះទេ ។

លោកបន្តថា របាយការណ៍នេះ គ្រាន់តែប្រមូល បូកសរុបនូវព្រឹត្តិការណ៍ និងធ្វើការសន្និដ្ឋាន តែលើរូបភាពខាងក្រៅប៉ុណ្ណោះ ពោលមិនបានសិក្សា លើមូលហេតុនិងមូលដ្ឋានលំអិត។

អ្នកនាំពាក្យបានលើកចំអកទៅកាន់ក្រុមអង្គការថាជាទម្លាប់របស់អង្គការទាំងនេះ កាលណាអាជ្ញាធរអនុវត្តច្បាប់លើក្រុមគោលដៅដែលគេមានរបៀបវារៈ ច្បាស់លាស់ក្នុងការការពារ ដូចជាសកម្មជនអតីតបក្សប្រឆាំង សកម្មជនអង្គការសង្គមស៊ីវវិលដែលមាននិន្នា ការប្រឆាំង គឺពួកគេតែងតែធ្វើការសន្និដ្ឋាននិងចោទ ប្រកាន់ជាការរំលោភសិទ្ធិមនុស្ស ដោយមិនខ្ចីអើពើ និងធ្វើការពិចារណារទៅទិដ្ឋភាព និងនីតិវិធីច្បាប់ ។

លោកបញ្ជាក់ថា របាយការណ៍មិនគ្រប់ជ្រុងជ្រោយ លំអៀង មានគោលដៅវាយប្រហារ រាជរដ្ឋាភិបាល បែបនេះ អាចនឹងនាំឲ្យមានគ្រោះថ្នាក់ និងអស្ថេរភាពក្នុងសង្គម ព្រោះរបាយការណ៍ហាក់ដូចជាការពារ និងលើកទឹកចិត្តដល់ក្រុមប្រឆាំងតែងតែធ្វើសកម្មភាព ក្រោមរូបភាពផ្សេងៗ ដែលរៀបចំឧបត្ថម្ភ និងគាំទ្រដោយចលនា និងអង្គការចាត់តាំងខុសច្បាប់ នៅ ខាងក្រៅឲ្យកាន់តែធ្វើសកម្មភាពបន្ថែមទៀតដោយ មិនខ្លាចច្បាប់ សមត្ថកិច្ច ហើយបង្កភាពចលាចលក្នុងសង្គម ដើម្បីសម្រេចឲ្យបានមហិច្ឆតា នយោបាយរបស់ខ្លួន ។

លោកថា «នេះមិនមែនជាការអនុវត្ត នូវសិទ្ធិសេរីភាពតាមផ្លូវច្បាប់នោះទេ ។ តែផ្ទុយទៅវិញរបាយការណ៍ របស់អង្គការទាំងនេះ គួរតែធ្វើការអប់រំនិងណែនាំក្រុមដែលបំពានច្បាប់ទាំងនោះ ឲ្យគោរពច្បាប់បានខ្ជាប់ខ្ជួន ប្រើប្រាស់សិទ្ធិរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ មិនបំពានសិទ្ធិ សេរីភាព អ្នកដ៏ទៃ និងប៉ះពាល់ដល់សន្តិសុខសង្គមនិងសណ្តាប់ឆ្នាប់សាធារណៈ ដែលអាច នាំឲ្យពួកគេប្រឈមទទួលខុសត្រូវតាមផ្លូវច្បាប់ជាយថាហេតុណាមួយ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ